លូកា 13
13
1នៅវេលានោះឯង មានអ្នកខ្លះនៅទីនោះ គេទូលព្រះយេស៊ូវ ពីរឿងពួកសាសន៍កាលីឡេ ដែលលោកពីឡាត់បានយកឈាមគេ លាយនឹងយញ្ញបូជា ដែលគេកំពុងតែថ្វាយ 2តែទ្រង់មានបន្ទូលឆ្លើយទៅអ្នកទាំងនោះថា តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាប លើសជាងសាសន៍កាលីឡេឯទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬអី 3ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ 4ឬស្មានថា ពួក១៨នាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬអី 5ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។
6រួចទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះថា មានបុរសម្នាក់ មានដើមល្វាដុះក្នុងចំការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ 7ក៏និយាយទៅអ្នករក្សាចំការថា មើល ៣ឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ មិនដែលបានសោះ ដូច្នេះ ចូរកាប់ចោលទៅ ទុកឲ្យនៅបង្ខាតដីធ្វើអី 8តែអ្នកនោះឆ្លើយថា សូមលោកទុកនៅ១ឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី លមើល 9ក្រែងកើតមានផលផ្លែឡើង បើគ្មានទេ នោះសូមកាប់ចោលទៅចុះ។
10កាលព្រះយេស៊ូវ ទ្រង់កំពុងតែបង្រៀនក្នុងសាលាប្រជុំ១ នៅថ្ងៃឈប់សំរាក 11នោះឃើញមានស្ត្រីម្នាក់ ដែលអារក្សធ្វើឲ្យពិការ អស់១៨ឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ 12លុះទ្រង់បានឃើញគាត់ ក៏មានបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ 13រួចទ្រង់ដាក់ព្រះហស្តលើគាត់ នោះគាត់ក៏ងើបត្រង់ឡើងជា១រំពេច ហើយពោលពណ៌នាសរសើរដល់ព្រះ 14ឯមេសាលាប្រជុំគាត់នឹកគ្នាន់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជា នៅថ្ងៃឈប់សំរាក ក៏និយាយទៅមនុស្សទាំងនោះថា មានតែ៦ថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះវិញ ដើម្បីឲ្យបានជាចុះ កុំឲ្យមកក្នុងថ្ងៃឈប់សំរាកឡើយ 15នោះព្រះអម្ចាស់ ទ្រង់មានបន្ទូលឆ្លើយទៅគាត់ថា មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃឈប់សំរាកទេឬអី 16ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់១៨ឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃឈប់សំរាកដែរទេឬអី 17កាលទ្រង់មានបន្ទូលសេចក្ដីទាំងនេះហើយ នោះអស់អ្នកដែលទាស់នឹងទ្រង់ ក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាមនុស្ស គេកើតមានសេចក្ដីអំណរ ចំពោះគ្រប់ទាំងការឧត្តម ដែលទ្រង់ធ្វើនោះវិញ។
18ទ្រង់មានបន្ទូលថា តើនគរព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងនគរនោះ 19គឺធៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងច្បារខ្លួន វាដុះឡើងទៅជាដើមឈើយ៉ាងធំ ហើយសត្វហើរលើមេឃក៏មកទំនៅមែកបាន 20ទ្រង់ក៏មានបន្ទូលទៀតថា តើគួរឲ្យខ្ញុំធៀបនគរព្រះដូចជាអ្វី 21នោះត្រូវធៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅ៣រង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់។
22ទ្រង់ក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយចេះតែដំរង់ត្រង់ឆ្ពោះទៅឯក្រុងយេរូសាឡិម 23ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានបន្ទូលទៅគេថា 24ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ 25កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ 26រួចអ្នករាល់គ្នានឹងតាំងទូលថា យើងខ្ញុំបានទទួលទាននៅចំពោះទ្រង់ ហើយទ្រង់បានបង្រៀនតាមផ្លូវយើងខ្ញុំដែរ 27តែទ្រង់នឹងមានបន្ទូលថា អញប្រាប់ឯងរាល់គ្នាថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ អស់អ្នកដែលប្រព្រឹត្តសេចក្ដីទុច្ចរិតអើយ ចូរថយចេញពីអញទៅ 28ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញនៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ 29ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ 30ហើយមើល នឹងមានមនុស្សក្រោយទៅជាមុន នឹងមនុស្សមុនទៅជាក្រោយវិញ។
31នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក 32តែទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា មើល ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ ហើយថ្ងៃស្អែក លុះដល់ថ្ងៃទី៣ ខ្ញុំនឹងបានសំរេចការ 33ប៉ុន្តែត្រូវឲ្យខ្ញុំដើរតាមផ្លូវខ្ញុំទៅ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក ហើយខានស្អែកទៀត ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ 34ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះនោះ 35មើល ផ្ទះឯងរាល់គ្នាត្រូវចោលនៅស្ងាត់ឈឹង ហើយអញប្រាប់ឯងរាល់គ្នាថា មិនឃើញអញទៀត ទាល់តែឯងនិយាយថា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ទ្រង់ប្រកបដោយព្រះពរ។
ទើបបានជ្រើសរើសហើយ៖
លូកា 13: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.