លូកា 12:13-34

លូកា 12:13-34 ពគប

មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ ទ្រង់​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ​សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត នោះ​វិសេស​ជាង​អាហារ​ចំណី ហើយ​រូប‌កាយ ក៏​វិសេស​ជាង​ស្លៀក​បំពាក់​ដែរ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប‌ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ‌ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​ដំឡៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កំពស់​ខ្លួន​ឡើង​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ នោះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត​ធ្វើ​អី ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច វា​មិន​ដែល​នឿយ​ធ្វើ​ការ‌ងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង ឯ​តិណ‌ជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង‌ក្រាន នោះ​បើ​ព្រះ‌ទ្រង់​តុប‌តែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះវរ‌បិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់​សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ ព្រោះ​សម្បត្តិ‌ទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។

អាន លូកា 12

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 12:13-34