លេវី‌វិន័យ 7

7
1នេះ​ជា​របៀប​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ជា​របស់​បរិសុទ្ធ​បំផុត 2គឺ​ត្រូវ​សំឡាប់​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សំឡាប់​ដង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា 3ហើយ​ត្រូវ​ថ្វាយ​ខ្លាញ់​ទាំង​អស់ គឺ​កន្ទុយ នឹង​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង 4ព្រម​ទាំង​អង្គញ់​ទាំង​២ នឹង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង 5រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ថ្វាយ​នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ថ្វាយ ដោយ​ព្រោះ​ការ​រំលង 6អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត 7ឯ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​១ សំរាប់​ដង្វាយ​ទាំង​២​យ៉ាង ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​ដង្វាយ​នោះ​ឯង 8ហើយ​សង្ឃ​ណា​ដែល​ថ្វាយ​ដង្វាយ​ដុត​របស់​អ្នក​ណា សង្ឃ​នោះ​ឯង​ត្រូវ​បាន​ស្បែក​របស់​សត្វ​ដែល​ខ្លួន​បាន​ដុត​ថ្វាយ ទុក​ជា​របស់​ផង​ខ្លួន 9ឯ​អស់​ទាំង​ដង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​ចំអិន​នៅ​ក្នុង​ឡ ចៀន​នឹង​ខ្ទះ ឬ​ដុត​ក្នុង​ពុម្ព នោះ​នឹង​ត្រូវ​បាន​ចំពោះ​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ 10តែ​គ្រប់​ទាំង​ដង្វាយ​ម្សៅ​លាយ​នឹង​ប្រេង​ឬ​ទទេ នោះ​ត្រូវ​បាន​ជា​របស់​ផង​ពួក​កូន​អើរ៉ុន​គ្រប់​គ្នា​វិញ។
11នេះ​ជា​របៀប​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី ថ្វាយ​ព្រះ‌យេហូវ៉ា 12បើ​អ្នក​ណា​ថ្វាយ​ដង្វាយ​ដោយ​អរ​ព្រះ‌គុណ នោះ​ត្រូវ​យក​នំ​ឥត​ដំបែ លាយ​ដោយ​ប្រេង ហើយ​នំ​ក្រៀប​ឥត​ដំបែ លាយ​ដោយ​ប្រេង នឹង​នំ​ចៀន ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង មក​ថ្វាយ​ជា​មួយ​នឹង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​អរ​ព្រះ‌គុណ​នោះ 13ហើយ​ត្រូវ​យក​នំបុ័ង​មាន​ដំបែ​មក ថែម​នឹង​នំ​ទាំង​នោះ​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន ត្រូវ​ថ្វាយ​ទាំង​អស់​ជា​មួយ​នឹង​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដែល​ថ្វាយ​ទុក​ជា​សេចក្ដី​អរ​ព្រះ‌គុណ 14ត្រូវ​យក​នំ​១ ពី​រាល់​តែ​ដង្វាយ​យ៉ាង​នោះ សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ថ្វាយ​ព្រះ‌យេហូវ៉ា នំ​នោះ​ត្រូវ​បាន​ជា​របស់​ផង​សង្ឃ​ណា ដែល​ប្រោះ​ឈាម​ដង្វាយ​មេត្រី 15ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​ដង្វាយ​មេត្រី ដែល​សំរាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ 16តែ​បើ​យញ្ញ‌បូជា​នោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត​វិញ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​ថ្វាយ​នោះ​ឯង ហើយ​ដល់​ស្អែក ក៏​នឹង​បរិភោគ​អ្វី​ដែល​នៅ​សល់​បាន​ដែរ 17ឯ​របស់​អ្វី​ដែល​សល់​ពី​សាច់​នៃ​យញ្ញ‌បូជា​ក្នុង​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ 18បើ​អ្នក​ណា​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទី​៣ យញ្ញ‌បូជា​នោះ​ឈ្មោះ​ថា ព្រះ​មិន​បាន​ទទួល​ទេ គឺ​ទុក​ដូច​ជា​មិន​បាន​ថ្វាយ​វិញ ដង្វាយ​នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​គួរ​ស្អប់​ខ្ពើម ឯ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​ក៏​នឹង​ត្រូវ​មាន​ទោស​ដែរ។
19ឯ​សាច់​ណា​ដែល​ប៉ះ​ពាល់​នឹង​របស់​អ្វី​មិន​ស្អាត នោះ​មិន​ត្រូវ​បរិភោគ​ឡើយ ត្រូវ​តែ​ដុត​នឹង​ភ្លើង​វិញ តែ​សាច់​ណា​ដែល​ស្អាត នោះ​អ្នក​ដែល​បរិសុទ្ធ​នឹង​បរិភោគ​បាន 20បើ​អ្នក​ណា​ដែល​ជាប់​មាន​សេចក្ដី​សៅ‌ហ្មង​នៅ​ខ្លួន បាន​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​ដែល​ជា​របស់​ផង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​ខ្លួន 21ហើយ​បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​មិន​ស្អាត​អ្វី​ក៏​ដោយ ទោះ​បើ​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ឬ​របស់​សត្វ​ដែល​មិន​ស្អាត ឬ​របស់​ស្មោក‌គ្រោក​ណា​មួយ​ដែល​គួរ​ខ្ពើម​ឆ្អើម រួច​នឹង​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ដង្វាយ​មេត្រី​របស់​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។
22ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ 23ឲ្យ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ឡើយ 24ឯ​ខ្លាញ់​សត្វ​ណា​ដែល​ស្លាប់​ឯង ឬ​ត្រូវ​សត្វ​ព្រៃ​ហែក‌ហួរ នោះ​នឹង​ប្រើ​ធ្វើ​ការ​អ្វី​ផ្សេង​ក៏​បាន តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ 25ដ្បិត​អ្នក​ណា​ដែល​បរិភោគ​ខ្លាញ់​របស់​សត្វ ជា​សត្វ​ដែល​មនុស្ស​តែង​ធ្លាប់​យក​មក​ថ្វាយ ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន 26ហើយ​មិន​ត្រូវ​បរិភោគ​ឈាម​យ៉ាង​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ណា​មួយ​ឡើយ ទោះ​ទាំង​ឈាម​របស់​សត្វ​ហើរ ឬ​ឈាម​នៃ​សត្វ​ជើង​៤​ក្តី 27អ្នក​ណា​ដែល​បរិភោគ​ឈាម​អ្វី​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។
28ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ 29ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​១​ផ្នែក ពី​យញ្ញ‌បូជា​នោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា 30ដៃ​អ្នក​នោះ​ឯង ត្រូវ​យក​ដង្វាយ​ដែល​សំរាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​នឹង​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 31រួច​ត្រូវ​សង្ឃ​ដុត​ខ្លាញ់​នៅ​លើ​អាសនា តែ​ឯ​ទ្រូង​នោះ ត្រូវ​ជា​របស់​ផង​អើរ៉ុន នឹង​ពួក​កូន​លោក 32ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង 33អ្នក​ណា​ក្នុង​ពួក​កូន​អើរ៉ុន​ដែល​ថ្វាយ​ឈាម​ហើយ​នឹង​ខ្លាញ់​នៃ​ដង្វាយ​មេត្រី នោះ​ត្រូវ​បាន​ស្មា​ស្តាំ​ជា​ចំណែក​ដល់​ខ្លួន 34ដ្បិត​អញ​បាន​ញែក​ទ្រូង​ដែល​គ្រវី នឹង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដង្វាយ​មេត្រី ប្រគល់​ឲ្យ​ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ នឹង​ពួក​កូន​លោក ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​អស់‌កល្ប‌ជានិច្ច​ហើយ 35នេះ​ហើយ​ជា​ចំណែក​របស់​អើរ៉ុន នឹង​ជា​ចំណែក​របស់​ពួក​កូន​លោក ពី​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​តាំង​គេ​ឲ្យ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ត​ទៅ 36គឺ​ជា​ចំណែក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ប្រគល់​ដល់​គេ នៅ​ថ្ងៃ​ដែល​បាន​ចាក់​លាប​ប្រេង​តាំង​ឡើង នេះ​ហើយ​ជា​ចំណែក​របស់​គេ​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​របស់​គេ​ត​រៀង​ទៅ។
37ច្បាប់​ទាំង​នេះ​ហើយ ជា​របៀប​នៃ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដង្វាយ​តាំង​ជា​សង្ឃ ហើយ​នឹង​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី 38ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ នៅ​ថ្ងៃ​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ឲ្យ​បាន​ថ្វាយ​ដង្វាយ​គេ​ដល់​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 7: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល