លេវីវិន័យ 25
25
1ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នា ចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង នោះដីនៅស្រុកនោះត្រូវមានពេលឈប់សំរាកថ្វាយព្រះយេហូវ៉ា 3គឺត្រូវឲ្យឯងរាល់គ្នាសាបព្រោះនៅស្រែឯង ហើយថែរក្សាចំការទំពាំងបាយជូររបស់ឯងអស់៦ឆ្នាំ ព្រមទាំងប្រមូលផលផ្លែផង 4តែដល់ឆ្នាំទី៧ នោះជាឆ្នាំឈប់ផ្អាកឲ្យដល់បានសំរាកវិញ គឺជាឆ្នាំឈប់សំរាកថ្វាយព្រះយេហូវ៉ា មិនត្រូវឲ្យធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់ឯងឡើយ 5ឯមួរស្រូវដែលដុះឯងពីចំរូតមុន នោះឯងមិនត្រូវច្រូតទេ ក៏មិនត្រូវឲ្យបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សំរាកសំរាប់ស្រុកឯង 6ឆ្នាំសំរាកនៃស្រុកឯងនឹងចំរើនជាអាហារដល់ឯង ដល់បាវប្រុសបាវស្រីឯង ជើងឈ្នួល នឹងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង 7ព្រមទាំងហ្វូងសត្វ នឹងអស់ទាំងសត្វដែលនៅក្នុងស្រុកឯងផង ផលចំរើននោះនឹងបានសំរាប់ជាអាហារ។
8ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ 9រួចត្រូវចាត់ចែងទៅផ្លុំត្រែឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង 10ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ 11ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ 12ដ្បិតនោះគឺជាឆ្នាំសោមនស្សហើយ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់ឯងរាល់គ្នា ហើយឯងនឹងបរិភោគផលចំរើនអំពីស្រែចំការ។
13នៅឆ្នាំសោមនស្ស ត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅនៅឯដីរបស់ឯងរៀងខ្លួន 14បើកាលណាឯងលក់របស់អ្វីឲ្យអ្នកជិតខាងឯង ឬទិញអ្វីពីអ្នកជិតខាងឯងមកឯង នោះមិនត្រូវបំបាត់គ្នាទៅវិញទៅមកឡើយ 15ត្រូវឲ្យទិញពីអ្នកជិតខាងឯង រាប់តាមចំនួនឆ្នាំ ក្រោយឆ្នាំសោមនស្សនោះ ហើយគេនឹងលក់ឲ្យឯង ដោយរាប់តាមចំនួនរដូវចំរូតដែរ 16បើនៅមានច្រើនឆ្នាំទៅទៀត នោះឯងត្រូវបង្កើនថ្លៃឡើង តែបើនៅសល់តិចឆ្នាំវិញ នោះត្រូវបន្ថយថ្លៃចុះតាមចំនួនឆ្នាំតិចច្រើនទាំងនោះ គឺជាចំនួនចំរូតទេដែលគេលក់ឲ្យឯង 17មិនត្រូវឲ្យឯងរាល់គ្នាបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះនៃឯងវិញ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
18ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្ដីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត 19ហើយស្រុកនឹងបង្កើតផលឲ្យឯងរាល់គ្នាបានបរិភោគឆ្អែត ឯឯងរាល់គ្នានឹងបាននៅដោយសុខសាន្ត 20បើឯងរាល់គ្នាសួរថា មើល ក្នុងឆ្នាំទី៧នេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ 21នោះគឺអញនឹងផ្តល់ពររបស់អញដល់ឯងរាល់គ្នានៅឆ្នាំទី៦ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់៣ឆ្នាំវិញ 22រួចដល់ឆ្នាំទី៨ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ ឯងរាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
23មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ 24ហើយនៅក្នុងស្រុកដែលជាកេរអាករឯងរាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន 25បើសិនជាបងឬប្អូនឯងធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ 26បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន 27នោះត្រូវរាប់ចាប់តាំងពីប៉ុន្មានឆ្នាំដែលលក់ដីនោះមក ហើយត្រូវបង្វិលប្រាក់ដែលសល់នៅប្រគល់ដល់អ្នកដែលទិញ រួចម្ចាស់ដីនឹងទៅនៅឯដីរបស់ខ្លួនវិញ 28បើអ្នកនោះគ្មានអ្វីល្មមនឹងលោះយកបានទេ នោះដីដែលបានលក់ទៅ នឹងនៅក្នុងកណ្តាប់ដៃនៃអ្នកដែលបានទិញ ដរាបដល់ឆ្នាំសោមនស្ស លុះដល់ឆ្នាំសោមនស្សហើយ ដីនោះត្រូវត្រឡប់ទៅម្ចាស់ដើមវិញ រួចគាត់នឹងទៅនៅឯដីរបស់ខ្លួនបាន។
29បើមនុស្សណាលក់ផ្ទះ នៅក្នុងទីក្រុង ដែលមានកំផែង នោះមានច្បាប់លោះមកវិញក្នុងរវាង១ឆ្នាំ រាប់តាំងពីថ្ងៃដែលបានលក់មក គឺនៅវេលាពេញ១ឆ្នាំ គេមានច្បាប់លោះមកវិញបាន 30បើមិនបានលោះវិញក្នុងរវាង១ឆ្នាំនោះទេ ផ្ទះដែលនៅក្នុងទីក្រុងមានកំផែងនោះ នឹងបានដាច់ជារបស់ផងអ្នកដែលទិញ ជាដរាបអស់ទាំងដំណតរៀងទៅ លុះដល់ឆ្នាំសោមនស្ស ផ្ទះនោះមិនបានមកវិញទេ 31ឯផ្ទះទាំងប៉ុន្មានដែលនៅអស់ទាំងស្រុកឥតមានកំផែងព័ទ្ធ នោះត្រូវរាប់ទុកដូចជាស្រែចំការវិញ មានច្បាប់លោះបាន ហើយដល់ឆ្នាំសោមនស្សក៏ត្រូវបានមកវិញដែរ 32ប៉ុន្តែឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប 33បើសិនជាអ្នកណាទិញផ្ទះរបស់ពួកលេវីណាមួយ នោះដល់ឆ្នាំសោមនស្ស ផ្ទះដែលបានទិញនោះ ហើយនឹងទីក្រុងរបស់គេនឹងបានទៅគេវិញ ដ្បិតអស់ទាំងផ្ទះនៅក្នុងទីក្រុងរបស់ពួកលេវី នោះជាកេរអាកររបស់គេនៅក្នុងពួកកូនចៅអ៊ីស្រាអែល 34ឯស្រែចំការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរ្តិ៍អាកររបស់ផងគេនៅអស់កល្បជានិច្ច។
35បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ 36មិនត្រូវយកការប្រាក់ ឬគិតកំរៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយនឹងឯងផង 37មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេដោយចង់បានកំរៃដែរ 38អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងឲ្យស្រុកកាណានដល់ឯងរាល់គ្នា ហើយឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា។
39បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ ហើយលក់ខ្លួនដល់ឯង នោះមិនត្រូវឲ្យឯងប្រើគេទុកដូចជាបាវបំរើឡើយ 40ត្រូវឲ្យគេនៅជាមួយនឹងឯងទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបំរើឯងដរាបដល់ឆ្នាំសោមនស្ស 41រួចគេនឹងចេញពីឯងទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់ពួកឰយុកោគេវិញ 42ដ្បិតអ្នកទាំងនោះជាពួកអ្នកបំរើរបស់អញ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ 43ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ 44តែឯត្រង់បាវបំរើប្រុស ឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯងរាល់គ្នាវិញ 45ឯងក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្តាលឯងរាល់គ្នាបានដែរ ឯងនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេ ដែលនៅជាមួយនឹងឯង ដែលគេបានបង្កើតនៅក្នុងស្រុកឯងរាល់គ្នាផង ពួកអ្នកទាំងនោះនឹងបានជាកេរ្តិ៍អាករដល់ឯងរាល់គ្នា 46ហើយឯងនឹងទុកអ្នកទាំងនោះ ជាមរដកឲ្យកូនចៅឯងតទៅ ដើម្បីឲ្យបានជាកេរអាករ្តិ៍ដែរ គឺពីពួកអ្នកទាំងនោះហើយដែលឯងរាល់គ្នាត្រូវយកទុកជាបាវបំរើដល់ឯង តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនឯង នោះមិនត្រូវឲ្យឯងរាល់គ្នាត្រួតត្រាដោយតឹងរ៉ឹងឡើយ។
47បើមានអ្នកប្រទេសក្រៅ ឬអ្នកដែលស្នាក់នៅជាមួយនឹងឯងបានទៅជាអ្នកមាន ហើយបងប្អូនឯងម្នាក់ទៀត ដែលនៅជិតបានធ្លាក់ខ្លួនទៅជាក្រ លក់ខ្លួនទៅអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង ឬទៅអ្នកណាក្នុងពូជរបស់អ្នកប្រទេសក្រៅនោះ 48យ៉ាងនោះមានច្បាប់នឹងលោះគេមកវិញបាន ក្រោយដែលលក់ខ្លួនហើយដូច្នោះ គឺបងប្អូនណាមួយនឹងលោះគេចេញបាន 49ទោះជាឪពុកធំ ឬមា ឬក្មួយគេក្តី ឬអ្នកណាក៏ដោយដែលជាសាច់ញាតិជិតដិតក្នុងគ្រួសារគេ នោះនឹងលោះបាន ឬបើខ្លួនគេទៅជាមានវិញ ក៏នឹងលោះដោយខ្លួនឯងបានដែរ 50ត្រូវគិតជាមួយនឹងអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសំរេចតាមចំនួនឆ្នាំដែលបានបំរើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបំរើវិញ 51បើសិនជាសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីដំឡៃប្រាក់ដែលបានលក់ខ្លួនទៅ តាមចំនួនឆ្នាំនោះ 52តែបើសល់នៅតិចឆ្នាំ នឹងដល់ឆ្នាំសោមនស្សហើយ នោះត្រូវគិតនឹងចៅហ្វាយ ហើយសងដំឡៃលោះខ្លួនតាមចំនួនឆ្នាំនោះវិញ 53ត្រូវនៅជាមួយនឹងចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹង នៅមុខឯងរាល់គ្នាឡើយ 54បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញ ក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង 55ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាបាវរបស់អញ ដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 25: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.