លេវីវិន័យ 10
10
1ឯណាដាប នឹងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ 2នោះស្រាប់តែមានភ្លើងចេញពីចំពោះព្រះយេហូវ៉ាមក បញ្ឆេះអ្នកទាំង២នោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ 3ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះអើរ៉ុនក៏នៅស្ងៀម 4នោះម៉ូសេលោកហៅមីសាអែល នឹងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ 5គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់ម៉ូសេ 6រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ 7មិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ គេក៏ធ្វើតាមបង្គាប់របស់ម៉ូសេ។
8ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា 9កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ 10គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា នឹងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត 11ហើយឲ្យបានបង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្តដែលព្រះយេហូវ៉ា ទ្រង់បានមានបន្ទូលប្រាប់គេដោយសារម៉ូសេ។
12រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត 13ត្រូវឲ្យអ្នករាល់គ្នាបរិភោគដង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង នឹងពួកកូនរបស់បង ពីដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ពីព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ 14ឯទ្រូងដែលគ្រវី នឹងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង ហើយនឹងពួកកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ នឹងជាចំណែកនៃពួកកូនរបស់បង ពីយញ្ញបូជានៃដង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង 15គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង នឹងទ្រូងដែលគ្រវី មកជាមួយនឹងខ្លាញ់ទាំងប៉ុន្មានដែលសំរាប់ដុតថ្វាយ ដើម្បីនឹងគ្រវី ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដង្វាយនោះនឹងត្រូវបានជារបស់ផងបង ហើយនឹងពួកកូនរបស់បងផង តាមបញ្ញត្តច្បាប់នៅអស់កល្បជានិច្ចដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
16ម៉ូសេក៏ខំរកពពែដែលសំរាប់ជាដង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនឹងអ៊ីថាម៉ារ ជាកូនអើរ៉ុន ដែលនៅសល់ ហើយសួរថា 17ដែលឃើញថា ដង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា 18មើល ឥឡូវមិនបានយកឈាមដង្វាយនោះ ទៅក្នុងទីបរិសុទ្ធសោះ គួរតែឯងបានបរិភោគដង្វាយនោះ នៅក្នុងទីបរិសុទ្ធ ឥតខានវិញ ដូចជាអញបានបង្គាប់ហើយ។
19នោះអើរ៉ុនឆ្លើយនឹងម៉ូសេថា មើល ថ្ងៃនេះគេបានថ្វាយដង្វាយលោះបាប នឹងដង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ បើសិនជាខ្ញុំបានទទួលទានដង្វាយលោះបាបនៅថ្ងៃនេះ នោះតើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាឬ 20កាលម៉ូសេបានឮពាក្យដូច្នោះហើយ នោះទើបលោកបានពេញចិត្តវិញ។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.