យ៉ូស្វេ 5
5
1កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នឹងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។
2នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់យ៉ូស្វេថា ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកពួកកូនចៅអ៊ីស្រាអែល១លើកទៀត 3នោះយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយកាត់ស្បែករបស់ពួកកូនចៅអ៊ីស្រាអែល នៅត្រង់ភ្នំហារ៉ាឡុត 4យ៉ូស្វេបានកាត់ស្បែកគេ ដោយព្រោះហេតុនេះ គឺមនុស្សប្រុសៗជាអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលចេញពីស្រុកអេស៊ីព្ទមក គេបានស្លាប់តាមផ្លូវនៅទីរហោស្ថានក្នុងពេលក្រោយដែលបានចេញមកពីស្រុកអេស៊ីព្ទ 5ដ្បិតប្រុសៗទាំងអស់ដែលចេញមក គេបានកាត់ស្បែកគ្រប់គ្នាហើយ តែពួកទាំងប៉ុន្មានដែលកើតតាមផ្លូវ នៅទីរហោស្ថាន ក្រោយដែលបានចេញពីស្រុកអេស៊ីព្ទមក នោះមិនទាន់បានកាត់ស្បែកនៅឡើយ 6ពួកកូនចៅអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែពួកគេគ្រប់គ្នា គឺជាពួកមនុស្សថ្នឹកច្បាំង ដែលចេញពីស្រុកអេស៊ីព្ទមក បានស្លាប់បាត់អស់ទៅ ពីព្រោះគេមិនបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ា ហើយទ្រង់បានស្បថថា មិនឲ្យគេឃើញស្រុក ដែលទ្រង់បានស្បថនឹងពួកឰយុកោគេថានឹងឲ្យមកយើងរាល់គ្នាឡើយ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ 7គឺជាពួកកូនចៅរបស់អ្នកទាំងនោះឯង ដែលទ្រង់បានបង្កើតឡើងជំនួសគេ ហើយយ៉ូស្វេបានកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់កាត់ស្បែកនៅឡើយ ពីព្រោះមិនបានកាត់ស្បែកអ្នកណាតាមផ្លូវសោះ 8ដូច្នេះ កាលគេបានកាត់ស្បែកប្រុសៗទាំងអស់រួចហើយ នោះក៏នៅនឹងកន្លែងគេ ក្នុងទីដំឡើងត្រសាលនោះដរាបដល់សះជា 9ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញបានប្រមៀលសេចក្ដីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ គឺហេតុនោះ បានជាគេហៅឈ្មោះកន្លែងនោះថា គីលកាល ដរាបដល់សព្វថ្ងៃនេះ។
10ពួកកូនចៅអ៊ីស្រាអែល គេដំឡើងត្រសាលនៅត្រង់គីលកាលនោះ ហើយនាំគ្នាធ្វើបុណ្យរំលងនៅល្ងាចថ្ងៃ១៤ខែនោះ ត្រង់វាលក្រុងយេរីខូរ 11ក្រោយថ្ងៃបុណ្យរំលងមក នៅថ្ងៃនោះឯង គេក៏បរិភោគផលរបស់ស្រុកនោះ គឺជានំឥតដំបែ នឹងគ្រាប់លីង 12រួចក្រោយដែលគេបរិភោគផលរបស់ស្រុកនោះ ដល់ថ្ងៃស្អែកឡើង លែងមាននំម៉ាន៉ាហើយ ពួកកូនចៅអ៊ីស្រាអែលមិនដែលមាននំម៉ាន៉ាទៀតឡើយ គឺក្នុងឆ្នាំនោះឯង គេបានបរិភោគផលរបស់ស្រុកកាណានវិញ។
13រីឯក្នុងគ្រាដែលយ៉ូស្វេនៅជិតក្រុងយេរីខូរ នោះគាប់ជួនជាលោកងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច លោកក៏ចូលទៅសួរថា តើលោកកាន់ខាងយើងខ្ញុំ ឬខាងពួកខ្មាំងសត្រូវ របស់យើងខ្ញុំ 14អ្នកនោះឆ្លើយតបថា ទេ អញបានមកធ្វើជាកំពូលលើពួកពលផងព្រះយេហូវ៉ាវិញ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ សួរថា តើព្រះអម្ចាស់នៃទូលបង្គំ ចង់មានបន្ទូលដល់ទូលបង្គំ ជាបាវបំរើទ្រង់ ថាដូចម្តេច 15អ្នកដែលជាកំពូលលើពួកពលផងព្រះយេហូវ៉ាក៏ប្រាប់ថា ចូរដោះស្បែកជើងចេញទៅ ដ្បិតកន្លែងដែលឈរនៅនោះ ជាកន្លែងបរិសុទ្ធ រួចយ៉ូស្វេក៏ធ្វើតាមដូច្នោះ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 5: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.