យ៉ូស្វេ 21

21
1នោះ​អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​លេវី ក៏​ចូល​មក​ឯ​អេលាសារ​ដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សា‌នុវង្ស​ទាំង​ប៉ុន្មាន​នៃ​ពូជ​អំបូរ​កូន​ចៅ​អ៊ីស្រាអែល 2នៅ​ត្រង់​ស៊ីឡូរ ក្នុង​ស្រុក​កាណាន​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដោយ‌សារ​លោក​ម៉ូសេ ឲ្យ​ចែក​ទី​ក្រុង​ខ្លះ​ដល់​យើង​ខ្ញុំ ទុក​ជា​ទី​លំនៅ ព្រម​ទាំង​ដី​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន សំរាប់​ហ្វូង​សត្វ​យើង​ខ្ញុំ​ផង 3ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ញែក​ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ពី​ក្នុង​មរដក​របស់​គេ ឲ្យ​ដល់​ពួក​លេវី​តាម​បង្គាប់​ព្រះ‌យេហូវ៉ា។
4គេ​ចាប់​ឆ្នោត​ឲ្យ​ពួក​គ្រួ​កេហាត់​ដែរ រីឯ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ដែល​ជា​ពួក​លេវី​នោះ គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣​ក្នុង​ពូជ​អំបូរ​យូដា ស៊ីម្មាន នឹង​បេន‌យ៉ាមីន 5ឯ​ពួក​កូន​ចៅ​កេហាត់​ដែល​សល់​ទាំង​ប៉ុន្មាន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១០ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អេប្រា‌អិម ដាន់ នឹង​ម៉ាន៉ាសេ​១​ចំហៀង 6ឯ​ពួក​កូន​ចៅ​គើសុន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី នឹង​ម៉ាន៉ាសេ​១​ចំហៀង ដែល​នៅ​ស្រុក​បាសាន 7ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១២​ក្នុង​ពូជ​អំបូរ​រូបេន កាឌ់ នឹង​សាប់‌យូល៉ូន 8ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចែក​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ឲ្យ​ដល់​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។
9ក្នុង​ពូជ​អំបូរ​ពួក​កូន​ចៅ​យូដា នឹង​ស៊ីម្មាន នោះ​គេ​បាន​ឲ្យ​ទី​ក្រុង​ទាំង​នេះ ដូច​ជា​មាន​ឈ្មោះ​នៅ​ក្រោម​នេះ​ស្រាប់ 10គឺ​សំរាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១ 11គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង 12តែ​ស្រុក​ចំការ នឹង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង គេ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ ទុក​ជា​កេរ‌អាករ​វិញ 13ដូច្នេះ គេ​បាន​ឲ្យ​ក្រុង​ហេប្រុន​នេះ នឹង​ដី​នៅ​ជុំវិញ ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​លិបណា នឹង​ដី​នៅ​ជុំវិញ 14យ៉ាទារ នឹង​ដី​នៅ​ជុំវិញ អែស‌ធេម៉ូរ នឹង​ដី​នៅ​ជុំវិញ 15ហូឡូន នឹង​ដី​នៅ​ជុំវិញ ដេបៀរ នឹង​ដី​នៅ​ជុំវិញ 16អាយីន នឹង​ដី​នៅ​ជុំវិញ យូថា នឹង​ដី​នៅ​ជុំវិញ បេត-សេមែស នឹង​ដី​នៅ​ជុំវិញ គឺ​អស់​ទី​ក្រុង​៩ ក្នុង​ពូជ​អំបូរ​ទាំង​២​នេះ 17ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ក៏​ឲ្យ​ក្រុង​គីបៀន នឹង​ដី​នៅ​ជុំវិញ គេបា នឹង​ដី​នៅ​ជុំវិញ 18អាន៉ា‌ថោត នឹង​ដី​នៅ​ជុំវិញ អាល‌ម៉ូន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 19ទី​ក្រុង​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ទាំង​អស់​មាន​១៣ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។
20ឯ​ពួក​គ្រួ​កូន​ចៅ​កេហាត់​ជា​ពួក​លេវី​ដែល​នៅ​សល់ នោះ​បាន​ទី​ក្រុង​ជា​ចំណែក​ខ្លួន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម 21គេ​ឲ្យ​ក្រុង​ស៊ីគែម នឹង​ដី​នៅ​ជុំវិញ ដល់​ពួក​នោះ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ នឹង​ដី​នៅ​ជុំវិញ 22គីប‌សែម នឹង​ដី​នៅ​ជុំវិញ នឹង​បេត-ហូរ៉ុន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 23ហើយ​ក្នុង​ពូជ​អំបូរ​ដាន់ នោះ​ក៏​ឲ្យ​អែលថ្កេរ នឹង​ដី​នៅ​ជុំវិញ គីបថោន នឹង​ដី​នៅ​ជុំវិញ 24អាយ៉ា‌ឡូន នឹង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 25ហើយ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ត្អាណាក នឹង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង 26ទី​ក្រុង​របស់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​នៅ ទាំង​អស់​មាន​១០ ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ផង។
27ឯ​ពួក​កូន​ចៅ​គើសុន ក្នុង​ពួក​គ្រួ​លេវី នោះ​គេ​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ដី​នៅ​ជុំវិញ ហើយ​ប្អេសត្រា នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង 28ហើយ​ក្នុង​ពូជ​អំបូរ​អ៊ីសាខារ នោះ​ក៏​ឲ្យ​គីសយ៉ូន នឹង​ដី​នៅ​ជុំវិញ ដាប្រាត នឹង​ដី​នៅ​ជុំវិញ 29យ៉ារមុត នឹង​ដី​នៅ​ជុំវិញ អេន-កានីម នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 30ហើយ​ក្នុង​ពូជ​អំបូរ​អេស៊ើរ នោះ​ក៏​ឲ្យ​មីសាល នឹង​ដី​នៅ​ជុំវិញ អាបដូន នឹង​ដី​នៅ​ជុំវិញ 31ហេល‌កាត នឹង​ដី​នៅ​ជុំវិញ រេហុប នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 32ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស​ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ នឹង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ នឹង​ដី​នៅ​ជុំវិញ ការថាន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង 33ទី​ក្រុង​របស់​ពួក​គើសុន តាម​គ្រួ​គេ ទាំង​អស់​មាន​១៣​ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។
34ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន គឺ​យ៉ុក‌នាម នឹង​ដី​នៅ​ជុំវិញ ការថា នឹង​ដី​នៅ​ជុំវិញ 35ឌីមណា នឹង​ដី​នៅ​ជុំវិញ ណាហា‌ឡាល នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 36ហើយ​ក្នុង​ពូជ​អំបូរ​រូបេន នោះ​ក៏​ឲ្យ​បេស៊ើរ នឹង​ដី​នៅ​ជុំវិញ យ៉ាហាស នឹង​ដី​នៅ​ជុំវិញ 37ក្តេម៉ូត នឹង​ដី​នៅ​ជុំវិញ មេផ្អាត នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 38ហើយ​ក្នុង​ពូជ​អំបូរ​កាឌ់ នោះ​ក៏​ឲ្យ​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាត នឹង​ដី​នៅ​ជុំវិញ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ម៉ាហា‌ណែម នឹង​ដី​នៅ​ជុំវិញ 39ហែសបូន នឹង​ដី​នៅ​ជុំវិញ យ៉ាស៊ើរ នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង 40ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ​ជា​របស់​ផង​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួ​គេ គឺ​ជា​ពួក​គ្រួ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ នោះ​មាន​ទី​ក្រុង​១២។
41ដូច្នេះ អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី​ដែល​នៅ​ក្នុង​កេរ្តិ៍‌អាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង 42ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​នៅ​ជុំវិញ​គ្រប់ៗ​គ្នា។
43ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង 44រួច​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ គ្មាន​ពួក​ខ្មាំង​សត្រូវ​ណា​មួយ​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ 45ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សន្យា​ដល់​ពួក​វង្ស​អ៊ីស្រាអែល នោះ​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 21: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល