យ៉ូណាស 4
4
1តែការនោះជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង ហើយលោកក៏ខឹង 2រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្ដីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង 3ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមដកជីវិតទូលបង្គំចេញចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅវិញ 4តែព្រះយេហូវ៉ាទ្រង់មានបន្ទូលតបនឹងលោកថា ការដែលឯងខឹងដូច្នេះតើគួរឬ 5ខណៈនោះ យ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង នៅទីនោះលោកធ្វើបង្ហា១ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វី ដែលនឹងកើតដល់ទីក្រុង។
6ព្រះដ៏ជាព្រះយេហូវ៉ា ទ្រង់ក៏បំរុងឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ប្រយោជន៍ឲ្យលោកបានរួចពីសេចក្ដីតប់ប្រមល់ទៅ ដូច្នេះយ៉ូណាសមានសេចក្ដីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ 7ប៉ុន្តែដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បំរុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ 8លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បំរុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ 9នោះព្រះទ្រង់មានបន្ទូលនឹងយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ លោកតបថា ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ 10រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុង១យប់ ហើយបានវិនាសទៅ ក្នុង១យប់ដូចគ្នានោះ 11ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអី។:៚
ទើបបានជ្រើសរើសហើយ៖
យ៉ូណាស 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.