នោះយ៉ូបលោកឆ្លើយឡើងថា ឱបើសេចក្ដីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់នៅជញ្ជីង ជាមួយនឹងសេចក្ដីទុក្ខលំបាករបស់ខ្ញុំទៅអេះ នោះនឹងបានធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ ពីព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះទៅ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះបានដំរៀបគ្នាទាស់នឹងខ្ញុំហើយ បើលាព្រៃមានស្មៅស៊ី តើវាស្រែកដែរឬ តើគោរោទ៍កំពុងដែលស៊ីចំបើងឬ ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពងមានរសឬទេ សេចក្ដីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។ ឱបើសិនជាខ្ញុំនឹងបានដូចសេចក្ដីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តទៅអេះ គឺឲ្យព្រះបានសព្វព្រះហឫទ័យនឹងកិនកំទេចខ្ញុំទៅ ហើយគ្រវីព្រះហស្តទ្រង់ ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ យ៉ាងនោះខ្ញុំនឹងនៅមានសេចក្ដីរដោះទុក្ខ ខ្ញុំនឹងមានសេចក្ដីរីករាយក្នុងសេចក្ដីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ពីព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់ តើកំឡាំងខ្ញុំជាកំឡាំងនៃថ្មឬអី ឯសាច់ខ្ញុំ តើជាលង្ហិនដែរឬ នេះតើមិនមែនដោយព្រោះគ្មានទីពឹងក្នុងខ្លួនខ្ញុំទេឬ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរឬ។ ឯអ្នកណាដែលកំពុងតែរងទុក្ខវេទនា នោះគួរឲ្យមិត្រសំឡាញ់ខ្លួនសំដែងសេចក្ដីអាណិតអាសូរដែរ ទោះបើជាអ្នកដែលលែងកោតខ្លាចដល់ព្រះដ៏មានគ្រប់ព្រះចេស្តាក៏ដោយ ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្តដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ លុះមានពេលក្តៅក៏រលាយទៅ រួចដល់រដូវក្តៅ ទឹកនោះរីងបាត់ពីកន្លែងអស់រលីង
អាន យ៉ូប 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 6:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ