យ៉ូប 28:12-28

យ៉ូប 28:12-28 ពគប

ប៉ុន្តែចំណែក​ប្រាជ្ញា តើ​នឹង​រក​ឯ​ណា​បាន ហើយ​យោបល់ តើ​មាន​កន្លែង​នៅ​ឯ​ណា មនុស្ស​លោក​មិន​ស្គាល់​ដំឡៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​ដែរ ទី​ជំរៅ​ពោល​ថា មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ ហើយ​សមុទ្រ​ក៏​ថា មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ នឹង​ទិញ​យក​ដោយ​មាស​មិន​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ នឹង​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង‌កណ្តៀង​មក​រាប់​ដំឡៃ​នៃ​ប្រាជ្ញា​មិន​បាន មាស ហើយ​នឹង​ពេជ្រ​នឹង​ផ្ទឹម​ស្មើ​មិន​បាន ឬ​នឹង​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ មិន​បាច់​នឹង​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ ដ្បិត​ប្រាជ្ញា​មាន​ដំឡៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ត្បូង​ទោបុ័ត​ពី​ស្រុក​អេធីយ៉ូពី​ក៏​មិន​ស្មើ​ផង ហើយ​ដំឡៃ​នោះ​នឹង​រាប់​ដោយ​មាស​មិន​បាន ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស ហើយ​បិទ​ទុក​មិន​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ ស្ថាន​វិនាស នឹង​ស្ថាន​ស្លាប់​ពោល​ថា ត្រចៀក​របស់​យើង​បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ។ ព្រះ‌ទ្រង់​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា ហើយ​ក៏​ស្គាល់​ទី​កន្លែង​ដែរ ដ្បិត​ទ្រង់​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទំងន់ ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ ក្នុង​កាល​ដែល​ទ្រង់​បាន​ដាក់​កំរិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សំរាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ‌លាន់ ក្នុង​កាល​នោះ ទ្រង់​បាន​ឃើញ​ប្រាជ្ញា​ហើយ ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា អើ ទ្រង់​បាន​ស្វែង​ប្រមូល​ទុក រួច​មាន​បន្ទូល​ដល់​មនុស្ស​យើង​ថា មើល សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់។

អាន យ៉ូប 28