យ៉ូប 2:1-10

យ៉ូប 2:1-10 ពគប

រួច​មក មាន​កាល​១​ថ្ងៃ​ទៀត ដែល​ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សាតាំង​ក៏​នៅ​ក្នុង​ចំណោម​នោះ ដើម្បី​គាល់​ព្រះ‌យេហូវ៉ា​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ​នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង មួយ​ទៀត ទោះ​បើ​ឯង​បណ្តាល​ឲ្យ​អញ​ទាស់​នឹង​គាត់ ដើម្បី​នឹង​បំផ្លាញ​ចេញ ដោយ​ឥត​ហេតុ​ក៏​ដោយ គង់​តែ​គាត់​នៅ​រក្សា​លក្ខណៈ​ខ្លួន​ដដែល សាតាំង​ទូល​តប​ថា ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា មើល អញ​ប្រគល់​គាត់​ទៅ​ក្នុង​អំណាច​ឯង​ទៀត ចូរ​ប្រណី​ដល់​តែ​ជីវិត​គាត់​ប៉ុណ្ណោះ។ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​វាយ​យ៉ូប​ឲ្យ​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល នោះ​លោក​យក​អំបែង​ឆ្នាំង​សំរាប់​កោស​ខ្លួន ទៅ​អង្គុយ​នៅ​ក្នុង​ផេះ ឯ​ប្រពន្ធ​លោក នាង​និយាយ​ថា អ្នក​នៅ​តែ​រក្សា​លក្ខណៈ​ខ្លួន​ទៀត​ឬ ចូរ​ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់​ទៅ​ចុះ តែ​លោក​ឆ្លើយ​ថា ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់​ទេ ម៉េច យើង​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្ដី​អាក្រក់​ដែរ​ទេ​ឬ ក្នុង​គ្រប់​ទាំង​សេចក្ដី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​បបូរ​មាត់​ទេ។

អាន យ៉ូប 2