យ៉ូប 11

11
1នោះ​សូផារ សាសន៍​ន៉ាអាម៉ា ក៏​ឆ្លើយ​ឡើង​ថា 2ដែល​មាន​ពាក្យ​សំដី​ជា​ច្រើន​ដល់​ម៉្លេះ តើ​មិន​គួរ​ឆ្លើយ​ត​ទេ​ឬ​អី តើ​គួរ​រាប់​មនុស្ស​ហៃ​និយាយ​ទុក​ជា​សុចរិត​ឬ 3តើ​ពាក្យ​អំនួត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ តើ​មិន​ត្រូវ​ឲ្យ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ទេ​ឬ 4ដ្បិត​អ្នក​ថា គោល‌លទ្ធិ​របស់​អ្នក​ជា​ស្អាត​សុទ្ធ ឥត​ខុស‌ឆ្គង​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ 5ឱ​បើ​ព្រះ​នឹង​មាន​បន្ទូល​មក ហើយ​បើក​ព្រះ‌រឹម​ទាស់​នឹង​អ្នក 6ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា​ទៅ​អេះ នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្ដី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌ទ្រង់​យក​ទោស​ស្រាល​ជាង​សេចក្ដី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។
7បើ​អ្នក​ខំ​ស្វែង​រក តើ​អាច​នឹង​ស្គាល់​សភាព​នៃ​ព្រះ​បាន ឬ​យល់​ដល់​សេចក្ដី​គ្រប់​លក្ខណ៍​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​បាន​ដែរ​ឬ 8នោះ​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទៅ​ទៀត តើ​អ្នក​អាច​នឹង​ធ្វើ​យ៉ាង​ណា​បាន ក៏​ជ្រៅ​ជាង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​យល់​បាន 9បើ​នឹង​វាស់ នោះ​ក៏​វែង​ជាង​ផែនដី ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត 10បើ​ទ្រង់​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជំរះ នោះ​តើ​អ្នក​ណា​អាច​នឹង​ឃាត់​ទ្រង់​បាន 11ដ្បិត​ទ្រង់​ស្គាល់​មនុស្ស​កំភូត ទ្រង់​ក៏​ឃើញ​សេចក្ដី​ទុច្ចរិត ឥត​ចាំ​ពិចារណា​ផង 12មនុស្ស​មោឃ​គេ​ឥត​មាន​យោបល់​សោះ អើ មនុស្ស​សុទ្ធ​តែ​កើត​មក​ដូច​ជា​កូន​លា​ព្រៃ។
13បើ​អ្នក​តាំង​ចិត្ត​ត្រឹម‌ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ទ្រង់ 14ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់​ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ 15នោះ​ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង​ឥត​មាន​ប្រឡាក់​អ្វី​សោះ អើ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វី​ផង 16ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ រួច​អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ 17នោះ​ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ បើ​សិន​ជា​មាន​សេចក្ដី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ 18អ្នក​នឹង​បាន​សាន្ត‌ត្រាណ ដោយ​ព្រោះ​មាន​ទី​សង្ឃឹម អើ អ្នក​នឹង​ស្វែង​រក​ជុំវិញ រួច​នឹង​ដេក​សំរាក​ទៅ​ដោយ​សុខ‌សាន្ត 19អ្នក​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក 20ឯ​ភ្នែក​នៃ​ពួក​មនុស្ស​អាក្រក់​វិញ នោះ​នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ​នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ​ឯង។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល