យ៉ូហាន 9:1-25

យ៉ូហាន 9:1-25 ពគប

លុះ​ទ្រង់​យាង​ហួស​ទៅ ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ លុះ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ដាក់​នៅ​ដី ហើយ​យក​ទឹក​ព្រះ‌ឱស្ឋ​ទ្រង់​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​នៃ​មនុស្ស​ខ្វាក់​នោះ រួច​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ី‌ឡោម​ទៅ (ស៊ី‌ឡោម គឺ​ស្រាយ​ថា ចាត់​ឲ្យ​ទៅ) ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ ទាំង​មើល​ឃើញ នោះ​ពួក​អ្នក​ជិត​ខាង នឹង​ពួក​អ្នក​ដែល​ពី​ដើម​បាន​ឃើញ​ថា គាត់​ជា​អ្នក​សុំ​ទាន គេ​និយាយ​ថា អ្នក​នេះ​ទេ​តើ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ ខ្លះ​ថា គឺ​អ្នក​ហ្នឹង​ហើយ ខ្លះ​ទៀត​ថា គាត់​ដូច​ជា​អ្នក​នោះ​ទេ តែ​គាត់​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ឯង គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​ឯង​បាន​ភ្លឺ​ដូច្នេះ គាត់​ឆ្លើយ​ថា មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង គេ​សួរ​ទៀត​ថា អ្នក​នោះ​នៅ​ឯ​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ទេ។ គេ​ក៏​នាំ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ ទៅ​ឯ​ពួក​ផារិស៊ី រីឯ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ​ភក់ ប្រោស​ឲ្យ​គាត់​ភ្លឺ​ភ្នែក​នោះ គឺ​ជា​ថ្ងៃ​ឈប់​សំរាក ដូច្នេះ ពួក​ផារិស៊ី​ក៏​សួរ​គាត់ ពី​ដំណើរ​ដែល​បាន​ភ្លឺ​ភ្នែក ជា​យ៉ាង​ដូច​ម្តេច​ដែរ នោះ​គាត់​ជំរាប​ថា លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ ខ្លះ​ទៀត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន នោះ​ក៏​កើត​បាក់​បែក​គ្នា រួច​គេ​សួរ​មនុស្ស​ខ្វាក់​ម្តង​ទៀត​ថា តើ​ឯង​ថា​ដូច​ម្តេច ពី​ដំណើរ​អ្នក​ដែល​ធ្វើ​ឲ្យ​ភ្នែក​ឯង​ភ្លឺ​នោះ គាត់​ឆ្លើយ​ថា លោក​ជា​ហោរា តែ​ពួក​សាសន៍​យូដា​មិន​ជឿ​ថា គាត់​ខ្វាក់​ភ្នែក ហើយ​បាន​ភ្លឺ​ឡើង​វិញ​ទេ ទាល់​តែ​បាន​ហៅ​ឪពុក​ម្តាយ​របស់​អ្នក ដែល​បាន​ភ្លឺ​ភ្នែក​នោះ​មក សួរ​ថា តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​ឬ​អី ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​វា​ភ្លឺ​ឡើង​វិញ ឪពុក​ម្តាយ​គាត់​ឆ្លើយ​ថា យើង​ខ្ញុំ​ដឹង​ថា នេះ​ជា​កូន​យើង​ខ្ញុំ​ពិត ហើយ​ថា វា​កើត​មក​ខ្វាក់​មែន តែ​ឥឡូវ​នេះ ដែល​វា​ភ្លឺ​ជា​យ៉ាង​ដូច​ម្តេច នោះ​យើង​ខ្ញុំ​មិន​ដឹង​ទេ ក៏​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្លឺ​ផង​ដែរ វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ វា​នឹង​ជំរាប​ពី​ដំណើរ​ខ្លួន​វា ឪពុក​ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ ថា​បើ​អ្នក​ណា​នឹង​ទទួល​ទ្រង់​ទុក​ជា​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​កាត់​ពី​ពួក​ជំនុំ​គេ​ចេញ ហេតុ​នោះ​បាន​ជា​ឪពុក​ម្តាយ​គាត់​និយាយ​ថា វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ។ គេ​ក៏​ហៅ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ មក​ម្តង​ទៀត ប្រាប់​ថា ចូរ​សរសើរ​ដំកើង​ដល់​ព្រះ​វិញ ឯ​មនុស្ស​នោះ យើង​ដឹង​ថា​ជា​អ្នក​មាន​បាប​ទេ គាត់​ឆ្លើយ​ទៅ​ថា បើ​លោក​ជា​មនុស្ស​មាន​បាប នោះ​ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ

អាន យ៉ូហាន 9