យ៉ូហាន 6:25-70

យ៉ូហាន 6:25-70 ពគប

កាល​ឃើញ​ទ្រង់​នៅ​ឯ​ត្រើយ​ម្ខាង​ហើយ នោះ​គេ​ទូល​សួរ​ថា លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ ដរាប​ដល់​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះវរ‌បិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នោះ​គេ​ទូល​សួរ​ទ្រង់​ថា បើ​ដូច្នេះ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​ណា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ដើម្បី​ឲ្យ​បាន​ជឿ​ដល់​លោក តើ​លោក​ធ្វើ​ការ​អ្វី​ខ្លះ ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «លោក​បាន​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ» ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​នោះ មក​អ្នក​រាល់​គ្នា​ទេ តែ​ឯ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ នោះ​គឺ​ព្រះវរ‌បិតា​ខ្ញុំ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា​វិញ ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មនុស្ស​លោក​បាន​ជីវិត​ផង ដូច្នេះ គេ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​នំបុ័ង​នោះ​មក​យើង​ខ្ញុំ​ជានិច្ច។ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ អស់​អ្នក​ណា​ដែល​ព្រះវរ‌បិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ នោះ​ពួក​សាសន៍​យូដា គេ​ឌុក‌ដាន់​ទ្រង់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក គេ​និយាយ​ថា អ្នក​នេះ តើ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក​ម្តាយ​គាត់​ទេ​ឬ​អី ចុះ​ដូច​ម្តេច​ឡើយ​បាន​ជា​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា កុំ​ឲ្យ​រទូ‌រទាំ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា» ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះវរ‌បិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ នេះ​មិន​មែន​ថា មាន​អ្នក​ណា​ដែល​ឃើញ​ព្រះវរ‌បិតា​នោះ​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​មក​ពី​ព្រះ​ប៉ុណ្ណោះ ព្រះ‌អង្គ​នោះ​ទើប​ទ្រង់​បាន​ឃើញ​ព្រះវរ‌បិតា​មែន ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច ខ្ញុំ​ជា​នំបុ័ង​ជីវិត ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ ឯ​នំបុ័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បរិភោគ មិន​ត្រូវ​ស្លាប់​ឡើយ ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក ដូច្នេះ ពួក​សាសន៍​យូដា​គេ​ជជែក​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួន​មក​យើង​បរិភោគ​បាន។ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត ពី​ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ អ្នក​ណា​ដែល​បរិភោគ​ខ្ញុំ អ្នក​នោះ​នឹង​រស់​ដោយ‌សារ​ខ្ញុំ ដូច​ជា​ព្រះវរ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ខ្ញុំ​ក៏​រស់​នៅ ដោយ‌សារ​ទ្រង់​ដែរ នំបុ័ង​នេះ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ជា​ពិត មិន​មែន​ដូច​ជា​ពួក​ឰយុកោ​អ្នក​រាល់​គ្នា បាន​បរិភោគ​នំ​ម៉ាន៉ា ហើយ​ក៏​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច​វិញ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ក្នុង​សាលា​ប្រជុំ នៅ​កាពើ‌ណិម កំពុង​ដែល​ទ្រង់​បង្រៀន​គេ។ ពួក​សិស្ស​ទ្រង់​ជា​ច្រើន ដែល​ឮ​សេចក្ដី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា ពួក​សិស្ស​រទូ‌រទាំ​ពី​សេចក្ដី​នោះ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា តើ​សេចក្ដី​នេះ​នាំ​បង្អាក់​ដល់​ចិត្ត​អ្នក​រាល់​គ្នា​ឬ​អី ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ឯ​ស្ថាន ដែល​លោក​នៅ​ពី​ដើម នោះ​តើ​នឹង​គិត​ដូច​ម្តេច​ទៅ គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ ប៉ុន្តែ មាន​អ្នក​រាល់​គ្នា​ខ្លះ​មិន​ជឿ​ទេ នេះ​ដ្បិត​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប តាំង​តែ​ពី​ដើម​មក អំពី​អ្នក​ណា​ដែល​មិន​បាន​ជឿ ហើយ​អំពី​អ្នក​ណា ដែល​នឹង​បញ្ជូន​ទ្រង់ ទ្រង់​ក៏​មាន​បន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ។ តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​១២​នាក់​ថា អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ‌បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ពិត ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ជា​ពួក​១២​នាក់​ទេ​ឬ​អី តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស​វិញ

អាន យ៉ូហាន 6