ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវ ទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរហៅថា បេថែសដា មានសាលាសំណាក់៥ មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកំរើកឡើង ដ្បិតចួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានបន្ទូលថា តើអ្នកចង់បានជាឬទេ អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។ ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យ ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ
អាន យ៉ូហាន 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 5:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ