មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ) ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ នឹងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ នឹងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត ព្រះយេស៊ូវមានបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្ដីទេ រួចព្រះយេស៊ូវមានបន្ទូលថា ដែលនាងថា គ្មានប្ដី នោះថាត្រូវហើយ ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ ព្រះយេស៊ូវមានបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។ ខណនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី
អាន យ៉ូហាន 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 4:7-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ