យ៉ូហាន 20:1-23

យ៉ូហាន 20:1-23 ពគប

នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ នោះ​នាង​រត់​ទៅ​ប្រាប់​ដល់​ស៊ីម៉ូន-ពេត្រុស នឹង​សិស្ស​១​នោះ​ដែល​ទ្រង់​ស្រឡាញ់​ថា គេ​បាន​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ នោះ​ពេត្រុស នឹង​សិស្ស​១​នោះ ក៏​ចេញ​ទៅ​ឯ​ផ្នូរ អ្នក​ទាំង​២​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​១​នោះ​រត់​លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន រួច​គាត់​ឱន​ខ្លួន​ទៅ​មើល ឃើញ​មាន​តែ​សំពត់‌ស្នប​នៅ​ក្នុង​នោះ តែ​គាត់​មិន​បាន​ចូល​ទេ ឯ​ស៊ីម៉ូន-ពេត្រុស ដែល​មក​តាម​ក្រោយ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់‌ស្នប​នៅ​ក្នុង​នោះ​ដែរ ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះ‌សិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់‌ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ សិស្ស​មួយ​នោះ​ដែល​មក​ដល់​ផ្នូរ​មុន គាត់​ក៏​ចូល​ទៅ​ឃើញ​ដូច្នោះ​ដែរ រួច​គាត់​ជឿ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ សិស្ស​ទាំង​២​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ។ ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ ឃើញ​ទេវតា​២​រូប ស្លៀក‌ពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះ‌អម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ នោះ​ម៉ារា-ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​មក​នាង។ នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ​ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ទ្រង់​មាន​បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។

អាន យ៉ូហាន 20

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 20:1-23