យ៉ូហាន 19:17-30

យ៉ូហាន 19:17-30 ពគប

ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​រលា​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់‌កូថា គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ​នឹង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះ‌យេស៊ូវ​នៅ​ជា​កណ្តាល លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្ដី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា» មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក នឹង​ឡាតាំង ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​ដល់​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា លោក​ពីឡាត់​ឆ្លើយ​ថា ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ ដូច្នេះ គេ​និយាយ​គ្នា​ថា កុំ​ហែក​អាវ​នេះ​ឡើយ ចូរ​យើង​ចាប់​ឆ្នោត​វិញ ឲ្យ​បាន​ដឹង​ជា​អាវ​នេះ​នឹង​ទៅ​ជា​របស់​រូប​អ្នក​ណា នោះ​ដើម្បី​ឲ្យ​បាន​សំរេច​បទ​គម្ពីរ​ដែល​ថា «គេ​បាន​យក​សំលៀក‌បំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​យក​ដោយ​ចាប់​ជា​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។ ឯ​មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ទ្រង់ ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស នឹង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា គេ​ឈរ​នៅ​ជិត​ឈើ​ឆ្កាង​ទ្រង់ ព្រះ‌យេស៊ូវ​ក៏​ឃើញ​មាតា​ទ្រង់ នឹង​សិស្ស​ម្នាក់​ដែល​ទ្រង់​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ រួច​ទ្រង់​មាន​បន្ទូល​ទៅ​មាតា​ថា មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា រួច​ទ្រង់​មាន​បន្ទូល​ទៅ​សិស្ស​នោះ​ថា នុ៎ះ​ន៏ ម្តាយ​អ្នក តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​នាំ​យក​គាត់​ទៅ​នៅ​ផ្ទះ​ខ្លួន ក្រោយ​នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក‌ខ្មេះ​ពេញ គេ​ក៏​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ទ្រង់ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក‌ខ្មេះ​រួច​ហើយ ក៏​មាន​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។

អាន យ៉ូហាន 19