យ៉ូហាន 14:15-25

យ៉ូហាន 14:15-25 ពគប

បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរ‌បិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់‌កល្ប​រៀង​ទៅ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​លោកីយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បន្តិច​ទៀត លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរ‌បិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ​ស្គាល់​ផង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ដែរ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ ឯ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យ​ខ្ញុំ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះវរ‌បិតា ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ។ ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ

អាន យ៉ូហាន 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 14:15-25