យ៉ូហាន 12:20-50

យ៉ូហាន 12:20-50 ពគប

ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ រួច​អនទ្រេ នឹង​ភីលីព​ទៅ​ទូល​ដល់​ព្រះ‌យេស៊ូវ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បើ​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់‌ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរ‌បិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ព្រះ‌នាម​ទ្រង់​ឡើង នោះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ ដូច្នេះ បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ទី​នោះ ហើយ​ឮ ក៏​និយាយ​ថា ឮ​ផ្គរ‌លាន់ ខ្លះ​ទៀត​ថា មាន​ទេវតា​ទូល​នឹង​ទ្រង់ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ ឥឡូវ លោកីយ​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅហ្វាយ​របស់​លោកីយ​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដើម្បី​នឹង​បង្ហាញ ពី​ទ្រង់​ត្រូវ​សុគត​ជា​បែប​យ៉ាង​ណា ហ្វូង​មនុស្ស​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រិត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ ទ្រង់​គង់​នៅ​អស់​‌កល្ប​ជានិច្ច ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ពន្លឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ ចូរ​ដើរ​កំពុង​ដែល​នៅ​មាន​ពន្លឺ​ចុះ ក្រែង​លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត នោះ​មិន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ។ លុះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ទៅ ហើយ​បាន​កំបាំង​ពី​គេ ប៉ុន្តែ ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ នៅ​មុខ​គេ​ជា​ច្រើន​ទាំង​ម៉្លេះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ ដើម្បី​ឲ្យ​ពាក្យ​របស់​ហោរា​អេសាយ​បាន​សំរេច ដែល​ទាយ​ថា «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្ដី​ដែល​យើង​ខ្ញុំ​ប្រាប់ ហើយ​តើ​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​បាន​បើក​សំដែង​មក ឲ្យ​អ្នក​ណា​ឃើញ» គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គេ​ជឿ​ពុំ​បាន ពី​ព្រោះ​លោក​អេសាយ​ក៏​ទាយ​ទៀត​ថា «ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ហើយ​ឲ្យ​ចិត្ត​គេ​រឹង ក្រែង​ភ្នែក​គេ​មើល​ឃើញ ចិត្ត​គេ​យល់ ហើយ​គេ​ប្រែ​គំនិត ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​ជា» លោក​អេសាយ​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ ពី​ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ ហើយ​ក៏​ទាយ​ពី​ទ្រង់ ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ ពី​ព្រោះ​គេ​ចូល​ចិត្ត​នឹង​សេចក្ដី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្ដី​សរសើរ​របស់​ព្រះ​វិញ។ ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ គឺ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​ឃើញ​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ខ្ញុំ​បាន​មក​ក្នុង​លោកីយ​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្ដី​ងងឹត​ឡើយ បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ អ្នក​ណា​ដែល​វៀរ​បង់​ចោល​ខ្ញុំ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ‌ក្រម​ដែល​កាត់​ទោស​ខ្លួន​ហើយ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង ពាក្យ​នោះ​នឹង​កាត់​ទោស​ដល់​គេ នៅ​ថ្ងៃ​ចុង​បំផុត ដ្បិត​ខ្ញុំ​មិន​បាន​និយាយ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​បាន​បង្គាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​វិញ ខ្ញុំ​ក៏​ដឹង​ថា សេចក្ដី​ដែល​ទ្រង់​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដូច្នេះ សេចក្ដី​អ្វី​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​តាម​ដែល​ព្រះវរ‌បិតា​បាន​ប្រាប់​មក។

អាន យ៉ូហាន 12

វីដេអូសម្រាប់ យ៉ូហាន 12:20-50