យ៉ូហាន 11:1-16

យ៉ូហាន 11:1-16 ពគប

មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ មាន​ជំងឺ​ឈឺ គាត់​នៅ​ភូមិ​បេ‌ថានី ជា​ភូមិ​របស់​នាង​ម៉ារា នឹង​បង​នាង​ឈ្មោះ​ម៉ាថា ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប លាប​ថ្វាយ​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ទ្រង់ បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​បន្ទូល​ថា ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដោយ‌សារ​ជំងឺ​នេះ​ឯង រីឯ​ព្រះ‌យេស៊ូវ ទ្រង់​ស្រឡាញ់​នាង​ម៉ាថា នឹង​ប្អូន​ស្រី​នាង ហើយ​នឹង​ឡាសារ​ផង ដូច្នេះ កាល​ទ្រង់​បាន​ឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​២​ថ្ងៃ​ទៀត ក្រោយ​នោះ​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ​នេះ តែ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ ពី​ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​បន្ទូល​ទៀត​ថា ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង ដូច្នេះ ពួក​សិស្ស​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ទ្រង់​មាន​បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​សំរាក​ប៉ុណ្ណោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ ដូច្នេះ ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម គាត់​និយាយ​ទៅ​ពួក​សិស្ស ជា​គូ‌កន​គាត់​ថា ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្តូរ​ស្លាប់​ជា​មួយ​នឹង​លោក។

អាន យ៉ូហាន 11