យ៉ូហាន 11
11
1មានបុរសម្នាក់ ឈ្មោះឡាសារ មានជំងឺឈឺ គាត់នៅភូមិបេថានី ជាភូមិរបស់នាងម៉ារា នឹងបងនាងឈ្មោះម៉ាថា 2ឯនាងម៉ារា ដែលប្អូននាងឈ្មោះឡាសារមានជំងឺនេះ គឺនាងនេះហើយ ដែលបានចាក់ប្រេងក្រអូប លាបថ្វាយព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទទ្រង់ 3បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ 4កាលទ្រង់បានឮដូច្នេះ នោះក៏មានបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង 5រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថា នឹងប្អូនស្រីនាង ហើយនឹងឡាសារផង 6ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត 7ក្រោយនោះមក ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ 8ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ 9ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយនេះ 10តែបើអ្នកណាដើរនៅពេលយប់ នោះត្រូវជំពប់ជើងវិញ ពីព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ 11ក្រោយដែលទ្រង់មានបន្ទូលសេចក្ដីទាំងនេះហើយ នោះក៏មានបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង 12ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ 13ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ 14ព្រះយេស៊ូវមានបន្ទូលទៅគេជាយ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ 15ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវ ចូរយើងទៅឯគាត់ចុះ 16ដូច្នេះ ថូម៉ាសដែលហៅថា ឌីឌីម គាត់និយាយទៅពួកសិស្ស ជាគូកនគាត់ថា ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក។
17កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ 18រីឯភូមិបេថានី នោះនៅជិតក្រុងយេរូសាឡិម ប្រហែលជា៣គីឡូម៉ែត្រទេ 19ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកំសាន្តទុក្ខនាងម៉ាថា នឹងម៉ារា ពីដំណើរប្អូនស្លាប់ 20កាលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នោះនាងក៏ទៅទទួលទ្រង់ តែម៉ារាអង្គុយនៅឯផ្ទះ 21ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ 22ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន 23ព្រះយេស៊ូវមានបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ 24ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ 25ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ 26ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ 27នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថា ទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយមែន។
28កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង 29កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់ 30ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ 31កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។
32នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ 33កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ 34ហើយមានបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល 35ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង 36ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎ 37ហើយពួកគេខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ 38នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្ដីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់ 39ព្រះយេស៊ូវមានបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ 40ព្រះយេស៊ូវមានបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី 41ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ 42ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន 43កាលទ្រង់មានបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក 44នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។
45ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់ 46តែមានខ្លះទៅជំរាបដល់ពួកផារិស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ 47នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ 48បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក នឹងជាតិយើងផង 49មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ 50ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ 51តែលោកមិននិយាយសេចក្ដីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ 52ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ 53ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ 54ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។
55រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ 56ពួកអ្នកទាំងនោះកំពុងតែឈរនៅក្នុងព្រះវិហារ សួរគ្នារកព្រះយេស៊ូវថា លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្តេច 57ឯពួកសង្គ្រាជនឹងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.