យ៉ូហាន 1:6-16

យ៉ូហាន 1:6-16 ពគប

មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ‌ទ្រង់​ចាត់​ឲ្យ​មក អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយ‌សារ​គាត់ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែ​ប៉ុណ្ណោះ ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ ទ្រង់​បាន​គង់​ក្នុង​លោកីយ ហើយ​លោកីយ​ក៏​កើត​មក​ដោយ‌សារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ ព្រះ‌បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ គឺ​ជា​សិរី‌ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១ ដែល​មក​ពី​ព្រះវរ‌បិតា មាន​ពេញ​ជា​ព្រះ‌គុណ នឹង​សេចក្ដី​ពិត ឯ​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ទ្រង់ ដោយ​បន្លឺ​ឧទាន​ឡើង​ថា គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​បាន​ត្រឡប់​ជា​មុន​ខ្ញុំ​វិញ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំពី​សេចក្ដី​ពោរ‌ពេញ​របស់​ទ្រង់​មក គឺ​ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ​ផង

អាន យ៉ូហាន 1