យេរេមា 8
8
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គេនឹងយកឆ្អឹងនៃស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា នឹងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក 2គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ នឹងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង នឹងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសំរាប់ជាជីនៅដីវិញ 3ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលអញបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
4មួយទៀត ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះបើមនុស្សដួល តើមិនក្រោកឡើងវិញទេឬ បើអ្នកណាបែរចេញ តើមិនវិលមកវិញឬ 5ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិមទាំងនេះ បានរាថយចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ គេកាន់ខ្ជាប់តាមសេចក្ដីកំភូត ហើយមិនព្រមវិលមកវិញទេ 6អញបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញពីអំពើអាក្រក់របស់ខ្លួន ដោយថា តើអញបានធ្វើអ្វីនេះគ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម 7ឯសត្វកុកដែលហើរលើអាកាសវាក៏ស្គាល់រដូវវាដែរ ឯលលក នឹងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែរាស្ត្ររបស់អញ គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។
8ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយនឹងយើងដែរដូច្នេះ តែមើល ស្លាបប៉ាកកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរវិញ 9ពួកអ្នកប្រាជ្ញគេត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន មើល គេបានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញានៅក្នុងខ្លួនជាយ៉ាងណាវិញ 10ហេតុនោះ អញនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចំការរបស់គេដល់ពួកអ្នកដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ នោះសុទ្ធតែមានសេចក្ដីលោភ ចាប់តាំងពីហោរា រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ 11គេបានមើលរបួសនៃកូនស្រីរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថា សុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ 12កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ ទេ គេឥតមានសេចក្ដីខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ហេតុនោះបានជាគេនឹងដួលជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត 13ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងបំផ្លាញគេអស់រលីង នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ ឬផ្លែល្វានៅដើមល្វាសោះ ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម ហើយរបស់ទាំងអស់ដែលអញបានឲ្យដល់គេនឹងសូន្យបាត់ទៅ។
14ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានកំផែង ហើយនៅភាំង នៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងទ្រង់ 15យើងបានទន្ទឹងចាំសេចក្ដីសុខ ប៉ុន្តែឥតមានអ្វីល្អមកសោះ ក៏សង្ឃឹមនឹងមានពេលប្រោសឲ្យជា តែមើល បានតែសេចក្ដីវេទនាទទេ 16មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក នឹងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុកផង ព្រមទាំងទីក្រុង នឹងពួកអ្នកនៅក្នុងនោះដែរ 17ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្តាលឯងរាល់គ្នា ដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកឯងរាល់គ្នា។
18ឱបើខ្ញុំនឹងអាចកំសាន្តទុក្ខរបស់ខ្ញុំបានទៅអេះ ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន 19ន៏ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅឯស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬអី តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ ហេតុអ្វីបានជាគេបណ្តាលឲ្យអញខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ 20រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ 21ខ្ញុំត្រូវរបួសដោយឈឺឆ្អាលចំពោះរបួសរបស់កូនស្រីនៃសាសន៍ខ្ញុំ ខ្ញុំកាន់ទុក្ខ ហើយសេចក្ដីស្រឡាំងកាំងបានចាប់ខ្ញុំផង 22តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី តើគ្មានគ្រូពេទ្យនៅទីនោះទេឬ ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 8: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.