ចៅហ្វាយ 20
20
1នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា 2ឯពួកមេទ័ពក្នុងបណ្តាជនទាំងប៉ុន្មាន គឺជាមេទ័ពនៃពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ គេក៏ចេញមុខឡើង ក្នុងជំនុំពួកបណ្តាជននៃព្រះ មានពលថ្មើរជើង ដែលកាន់ដាវ៤សែននាក់ 3(រីឯពួកកូនចៅបេនយ៉ាមីន គេក៏ឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ាដែរ) ពួកកូនចៅអ៊ីស្រាអែលសួរថា សូមប្រាប់ឲ្យយើងដឹង ជាអំពើដ៏លាមកនេះបានកើតមកជាយ៉ាងណា 4នោះពួកលេវីជាប្ដីនាង ដែលគេបានសំឡាប់នោះ គាត់ឆ្លើយថា ខ្ញុំ នឹងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្នុងគីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីនឹងស្នាក់នៅ 5ស្រាប់តែពួកមនុស្សនៅគីបៀរ គេលើកគ្នាទាំងយប់មកព័ទ្ធផ្ទះដែលខ្ញុំនៅ ទាស់នឹងខ្ញុំ គេគិតសំឡាប់ខ្ញុំ ក៏បានចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយនាងបានស្លាប់ទៅ 6ដូច្នោះហើយ ខ្ញុំបានយកខ្មោចនាងមក កាត់ជាកំណាត់ៗផ្ញើទៅគ្រប់ក្នុងស្រុក ដែលជាមរដករបស់សាសន៍អ៊ីស្រាអែល ដោយព្រោះការប្រព្រឹត្តដ៏អាសអាភាស ហើយលាមករបស់គេក្នុងពួកអ៊ីស្រាអែលយើងនេះ 7ដូច្នេះអ្នករាល់គ្នាជាពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាអើយ សូមបញ្ចេញគំនិតរបស់អ្នករាល់គ្នាមក ហើយសំរេចសេចក្ដីចុះ។
8គ្រានោះ មនុស្សទាំងឡាយក៏ក្រោកឡើងព្រមគ្នា ដូចជាមនុស្សតែម្នាក់ ដោយពាក្យថា ក្នុងពួកយើងគ្មានអ្នកណាមួយនឹងត្រឡប់ទៅទីលំនៅខ្លួន ឬចូលទៅក្នុងផ្ទះខ្លួនវិញឡើយ 9គឺយើងនឹងធ្វើដល់ពួកគីបៀរយ៉ាងដូច្នេះ យើងនឹងឡើងទៅទាស់នឹងគេ ដោយចាប់ឆ្នោត 10យើងនឹងយក១០នាក់ក្នុង១០០ ហើយ១០០នាក់ក្នុង១ពាន់ នឹង១ពាន់នាក់ក្នុង១ម៉ឺន ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសំរាប់យើង ប្រយោជន៍ឲ្យយើងទៅធ្វើដល់ពួកគីបៀរ របស់ពួកបេនយ៉ាមីន តាមអំពើដ៏លាមកទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែលយើងនេះ 11ដូច្នេះពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មូលគ្នា ដូចជាមនុស្សតែម្នាក់ ទាស់នឹងទីក្រុងនោះ។
12ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានក៏ចាត់សារឲ្យទៅគ្រប់ក្នុងពូជអំបូរបេនយ៉ាមីនសួរថា តើអំពើអាក្រក់យ៉ាងណានេះ ដែលបានកើតមកក្នុងពួកអ្នករាល់គ្នា 13ដូច្នេះចូរប្រគល់ពួកមនុស្សគំរក់នោះ ដែលនៅក្រុងគីបៀរមក ឲ្យយើងរាល់គ្នាបានសំឡាប់គេចោលទៅ ដើម្បីនឹងបំបាត់សេចក្ដីអាក្រក់ពីពួកអ៊ីស្រាអែលចេញ តែពួកកូនចៅបេនយ៉ាមីនមិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែលជាបងប្អូនគេទេ 14ហើយក៏ចេញពីទីក្រុងគេទាំងប៉ុន្មាន ទៅមូលគ្នាត្រង់គីបៀរ ដើម្បីនឹងចេញទៅតតាំងនឹងពួកកូនចៅអ៊ីស្រាអែល 15នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នា 16ក្នុងពួកគេទាំងនោះ មានមនុស្សជ្រើសរើស៧០០នាក់ ដែលប្រើការខាងដៃឆ្វេងគ្រប់គ្នាអាចបាញ់ដោយក្រួស ត្រូវដល់សក់១សរសៃបានឥតខុសឡើយ។
17ឯពួកអ៊ីស្រាអែល ដែលក្រៅពីពួកបេនយ៉ាមីននោះមាន៤សែននាក់ដែលកាន់ដាវ សុទ្ធតែជាមនុស្សស្ទាត់ចំបាំង 18ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើង ដើរទៅឯបេត-អែល ដើម្បីនឹងទូលសួរដល់ព្រះថា ក្នុងពួកយើងខ្ញុំរាល់គ្នា តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរឲ្យពួកយូដាទៅមុនគេចុះ។
19ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទាស់នឹងគីបៀរ 20គេចេញទៅច្បាំងនឹងពួកបេនយ៉ាមីន ក៏ដំរៀបទ័ពទាស់នឹងគេនៅមុខទីក្រុង 21ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញពីគីបៀរ មកបំផ្លាញពួកអ៊ីស្រាអែល អស់២ម៉ឺន២ពាន់នាក់ ឲ្យស្លាប់ចង្គ្រាងនៅលើដីក្នុងថ្ងៃនោះឯង 22តែបណ្តាទ័ពខាងពួកអ៊ីស្រាអែល គេតាំងចិត្តឡើងទៅដំរៀបទ័ពម្តងទៀតនៅកន្លែងដដែលដូចថ្ងៃមុន 23ឯពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅយំនៅចំពោះព្រះយេហូវ៉ា រហូតដល់ល្ងាច ទាំងទូលសួរទ្រង់ថា តើត្រូវឲ្យទូលបង្គំចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនជាបងប្អូនទូលបង្គំម្តងទៀតឬទេ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរឡើងទៅច្បាំងនឹងគេចុះ។
24ពួកកូនចៅអ៊ីស្រាអែល ក៏ចូលទៅជិតទីពួកកូនចៅបេនយ៉ាមីននៅថ្ងៃទី២ 25ហើយនៅថ្ងៃនោះឯង ពួកបេនយ៉ាមីនបានចេញពីគីបៀរមកតតាំងគ្នា គេបំផ្លាញពួកកូនចៅអ៊ីស្រាអែលអស់ចំនួន១ម៉ឺន៨ពាន់នាក់ ឲ្យនៅចង្គ្រាងលើដី ពួកទាំងនោះសុទ្ធតែជាអ្នកកាន់ដាវ 26នោះពួកកូនចៅអ៊ីស្រាអែល នឹងបណ្តាទ័ពទាំងអស់ ក៏ឡើងទៅឯបេត-អែល អង្គុយយំនៅទីនោះចំពោះព្រះយេហូវ៉ា ព្រមទាំងតមក្នុងថ្ងៃនោះរហូតដល់ល្ងាច គេក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ាដែរ 27រួចគេទូលសួរដល់ព្រះយេហូវ៉ា (ដ្បិតក្នុងគ្រានោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះក៏នៅទីនោះ 28ហើយភីនេហាសជាកូនអេលាសារ ជាពូជអើរ៉ុន លោកឈរនៅមុខហឹបនៅជាន់នោះដែរ) គឺគេសួរថា តើត្រូវឲ្យទូលបង្គំចេញទៅតតាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនទូលបង្គំម្តងទៀត ឬត្រូវឈប់វិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែកនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ។
29ពួកអ៊ីស្រាអែលគេបង្កប់ទ័ពនៅព័ទ្ធជុំវិញគីបៀរ 30រួចឡើងទៅទាស់នឹងពួកបេនយ៉ាមីននៅថ្ងៃទី៣ទៀត គេដំរៀបទ័ពទាស់នឹងគីបៀរដូចកាលជាន់មុន 31ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញមកតតាំងគ្នា ហើយត្រូវប្រទាញទៅឃ្លាតឆ្ងាយពីទីក្រុង គេចាប់តាំងសំឡាប់ពួកអ៊ីស្រាអែលដូចជាសព្វ១ដង ទាំងអស់ចំនួនប្រហែលជា៣០នាក់ គឺតាមផ្លូវដែលឡើងទៅឯបេត-អែល១ នឹងផ្លូវដែលទៅឯគីបៀរ១ ព្រមទាំងនៅវាលផង 32ដូច្នេះពួកកូនចៅបេនយ៉ាមីននិយាយគ្នាថា យើងវាយសំឡាប់គេបានដូចជាន់មុនទៀត តែពួកកូនចៅអ៊ីស្រាអែលនិយាយប្រាប់គ្នាថា ចូរយើងរត់នាំប្រទាញគេមកក្នុងផ្លូវឃ្លាតឆ្ងាយពីទីក្រុងទៅ 33នោះពួកអ៊ីស្រាអែលទាំងប៉ុន្មានក៏ងើបពីកន្លែងរៀងខ្លួន ទៅដំរៀបទ័ពនៅត្រង់បាល-តាម៉ារ ឯពួកទ័ពបង្កប់របស់ពួកអ៊ីស្រាអែលក៏ស្ទុះចេញពីកន្លែងគេ នៅត្រង់វាលស្មៅរបស់គីបៀរដែរ 34មានពួកមនុស្សជ្រើសរើសពីសាសន៍អ៊ីស្រាអែលទាំងអស់ចំនួន១ម៉ឺននាក់ ចូលទៅទាស់នឹងគីបៀរ ហើយចំបាំងនោះក៏ជាសំបើមខ្លាំងណាស់ តែពួកបេនយ៉ាមីនឥតដឹងខ្លួនជាមានសេចក្ដីអន្តរាយជិតដល់គេទេ 35ព្រះយេហូវ៉ាក៏ប្រហារពួកបេនយ៉ាមីននៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបំផ្លាញពួកបេនយ៉ាមីនអស់ចំនួន២ម៉ឺន៥ពាន់១រយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
36ដូច្នេះពួកកូនចៅបេនយ៉ាមីនក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ 37ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេដំរង់ទៅមុខ វាយសំឡាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ 38ឯបណ្តាពួកទ័ព នឹងទ័ពបង្កប់ គេបានសន្យាគ្នានឹងទីសំគាល់នេះ គឺត្រូវឲ្យដុតភ្លើងធ្វើផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ ចេញពីទីក្រុង 39ដូច្នេះពួកអ៊ីស្រាអែលបានបែរមុខចេញពីចំបាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សំឡាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសំឡាប់បានដូចជាក្នុងចំបាំងជាន់មុន 40តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីនគេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ 41នោះពួកអ៊ីស្រាអែលត្រឡប់បែរមកវិញ ហើយពួកបេនយ៉ាមីនក៏ភាំងស្លុត ដោយឃើញថា សេចក្ដីអន្តរាយមកដល់គេហើយ 42ដូច្នេះគេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល 43គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត 44នោះមានពួកបេនយ៉ាមីន១ម៉ឺន៨ពាន់នាក់បានដួលស្លាប់ សុទ្ធតែជាមនុស្សក្លាហាន 45រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសំឡាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសំឡាប់បាន២ពាន់នាក់ថែមទៀត 46បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា 47ប៉ុន្តែមាន៦០០នាក់ បានងាកបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដារីម៉ូន ក៏ជ្រកនៅក្នុងថ្មដានោះ អស់៤ខែ 48រួចពួកអ៊ីស្រាអែលគេវិលត្រឡប់ទៅក្រោយ សំឡាប់ពួកកូនចៅបេនយ៉ាមីនដោយមុខដាវ គឺសំឡាប់ទាំងពួកអ្នកនៅទីក្រុងទាំងអស់ នឹងពួកសត្វ ហើយនឹងរបស់អ្វីៗដែលប្រទះឃើញទាំងអស់ផង រួចគេដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.