អេសាយ 20
20
1នៅក្នុងឆ្នាំដែលថើរថាន បានមកដល់ក្រុងអាសដូឌ ជាឆ្នាំដែលសើកុន ស្តេចសាសន៍អាសស៊ើរបានចាត់លោកឲ្យទៅ ហើយលោកបានច្បាំងចាប់យកក្រុងអាសដូឌនោះ 2នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលបង្គាប់ដល់អេសាយ ជាកូនអ័ម៉ូសថា ចូរទៅបកសំពត់ធ្មៃពីចង្កេះឯង ហើយដោះស្បែកជើងចេញ នោះលោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ 3ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អេសាយជាអ្នកបំរើអញ បានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់៣ឆ្នាំនេះ ទុកជាទីសំគាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ នឹងសាសន៍អេធីយ៉ូពីយ៉ាងណា 4នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ នឹងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត នឹងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញផង យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាសដល់សាសន៍អេស៊ីព្ទ 5គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ នឹងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ 6នៅថ្ងៃនោះ ពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង ធ្វើដូចម្តេចឲ្យយើងរួចបាន។
ទើបបានជ្រើសរើសហើយ៖
អេសាយ 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.