ហូសេ 6
6
1ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផង ទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ 2នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយ លុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់ 3ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ ឯដំណើរដែលទ្រង់យាងចេញមក នោះទៀងដូចជាអរុណរៈ ហើយទ្រង់នឹងយាងមកឯយើងរាល់គ្នា ដូចជាទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។
4ឱអេប្រាអិមអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ឱយូដាអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ដ្បិតសេចក្ដីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់ 5ដោយហេតុនោះ អញបានកាប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្ដីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក 6ដ្បិតអញពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត 7ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្ដីនោះឯង 8កាឡាតជាទីក្រុងរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺត្រូវប្រឡាក់ដោយឈាមហើយ 9ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏កាប់សំឡាប់មនុស្សតាមផ្លូវទៅឯស៊ីគែមដូច្នោះដែរ អើ គេបានប្រព្រឹត្តបទដ៏អាក្រក់ណាស់ផង 10អញបានឃើញការយ៉ាងសំបើម នៅក្នុងពួកវង្សអ៊ីស្រាអែល គឺមានការកំផិតរបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលក៏បានស្មោកគ្រោកដែរ 11មួយទៀត ឱយូដាអើយ មានការចំរូតដំរូវមកលើឯងដែរ ក្នុងកាលដែលអញនាំពួកឈ្លើយក្នុងរាស្ត្រអញឲ្យមកវិញ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.