ហេ‌ព្រើរ 7:7-28

ហេ‌ព្រើរ 7:7-28 ពគប

ហើយ​ច្បាប់​នេះ​ដែល​ថា គឺ​អ្នក​ធំ​តែង​ឲ្យ​ពរ​ដល់​អ្នក​តូច នោះ​ប្រកែក​មិន​បាន​ឡើយ រីឯ​នៅ​ទី​នេះ មនុស្ស​ដែល​តែង‌តែ​ស្លាប់ គេ​ទទួល​១​ភាគ​ក្នុង​១០ តែ​នៅ​ទី​នោះ​មាន​សេចក្ដី​បន្ទាល់​ថា លោក​នេះ​រស់​នៅ ហើយ​លោក​លេវី ដែល​ទទួល​ដង្វាយ​១​ភាគ​ក្នុង​១០ នោះ​លោក​ឧបមា​ដូច​ជា​បាន​ថ្វាយ​១​ភាគ​ក្នុង​១០​ដែរ ដោយ‌សារ​លោក​អ័ប្រា‌ហាំ ដ្បិត​កាល​លោក​ម៉ិល‌គីស្សាដែក​បាន​ទៅ​ចួប​នឹង​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​នៅ​ជា​ពូជ ក្នុង​ខ្លួន​នៃ​ឰយុកោ​លោក​នៅ​ឡើយ។ ដូច្នេះ បើ​សិន​ជា​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ‌ងារ​ជា​សង្ឃ ខាង​ពួក​លេវី ដ្បិត​គឺ​ក្រោម​ការ‌ងារ​នោះ ដែល​ប្រជា‌ជន​បាន​ទទួល​ក្រិត្យ‌វិន័យ​ទៅ​ហើយ នោះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​មាន​សង្ឃ​១​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀប​លោក​អើរ៉ុន គឺ​តាម​របៀប​លោក​ម៉ិល‌គីស្សាដែក​វិញ​ធ្វើ​អី ពី​ព្រោះ បើ​ការ‌ងារ​ជា​សង្ឃ​បាន​ផ្លាស់​ប្រែ​ទៅ នោះ​ក្រិត្យ‌វិន័យ​ក៏​ត្រូវ​ផ្លាស់​ប្រែ​ដែរ ដ្បិត​ឯ​ព្រះ‌អង្គ ដែល​គេ​បាន​ទាយ​សេចក្ដី​ទាំង​នេះ​ពី​ទ្រង់ ទ្រង់​កើត​ពី​ពូជ​អំបូរ​១​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​បាន​ធ្វើ​ការ​បំរើ​នៅ​អាសនា​ឡើយ ដ្បិត​ច្បាស់​ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​កើត​ពី​ពូជ​អំបូរ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​ពី​ពូជ​អំបូរ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ សេចក្ដី​នេះ​ក៏​រឹង​រឹត‌តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិល‌គីស្សាដែក សង្ឃ​នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រិត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក» ឯ​សេចក្ដី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ (ពី​ព្រោះ​ក្រិត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ‌សារ​សេចក្ដី​សង្ឃឹម​នោះ។ ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយ‌សារ​ព្រះ​ដែល​មាន​បន្ទូល​ពី​ទ្រង់​ថា «ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយ​ថា ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក» ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង មួយ​ទៀត ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន ពី​ព្រោះ​គេ​តែង‌តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិត‌ស្ថេរ​ទេ តែ​ទ្រង់​មាន​ការ‌ងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ‌សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។ គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង ព្រោះ​ឯ​ក្រិត្យ‌វិន័យ នោះ​តែង‌តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សំដេច​សង្ឃ ដែល​គេ​មាន​សេចក្ដី​កំសោយ តែ​សេចក្ដី​សម្បថ​ដែល​មក​ក្រោយ​ក្រិត្យ‌វិន័យ នោះ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​វិញ ដែល​ទ្រង់​បាន​គ្រប់​លក្ខណ៍​នៅ​អស់​‌កល្ប​ជានិច្ច។

អាន ហេ‌ព្រើរ 7