លោកុ‌ប្បត្តិ 42:1-16

លោកុ‌ប្បត្តិ 42:1-16 ពគប

រីឯ​យ៉ាកុប គាត់​ឃើញ​ថា ស្រុក​អេស៊ីព្ទ​មាន​ស្រូវ នោះ​គាត់​និយាយ​ទៅ​ពួក​កូន​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ គាត់​ប្រាប់​ថា នែ អញ​បាន​ឮ​ថា​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ចុះ​ទៅ​ឯ​ណោះ ដើម្បី​ទិញ​ពី​នោះ​មក​សំរាប់​យើង​ចុះ ឲ្យ​យើង​បាន​រស់​នៅ​កុំ​ឲ្យ​ស្លាប់ នោះ​បង​យ៉ូសែប​ទាំង​១០​នាក់ ក៏​ចុះ​ទៅ​ទិញ​ស្រូវ​ឯ​ស្រុក​អេស៊ីព្ទ តែ​យ៉ាកុប​មិន​ឲ្យ​បេន‌យ៉ាមីន ជា​ប្អូន​យ៉ូសែប ទៅ​ជា​មួយ​នឹង​ពួក​បងៗ​ទេ ដោយ​នឹក​ខ្លាច​ថា ក្រែង​កើត​មាន​គ្រោះ​ថ្នាក់​ដល់​វា ដូច្នេះ ពួក​កូន​អ៊ីស្រាអែល​ក៏​ចូល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​អត់​ដែរ ឯ​យ៉ូសែប គាត់​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ គឺ​គាត់​ហើយ ដែល​ជា​អ្នក​លក់​ស្រូវ​ឲ្យ​ដល់​បណ្តា​មនុស្ស​នៅ​ផែនដី ពួក​បង​គាត់​ក៏​ចូល​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់ កាល​យ៉ូសែប​ឃើញ​ពួក​បង នោះ​ក៏​ស្គាល់​គេ តែ​គាត់​ធ្វើ​ដូច​ជា​អ្នក​ដទៃ​នឹង​គេ​វិញ ហើយ​និយាយ​ដោយ​តឹង‌រ៉ឹង​ថា មក​ពី​ណា គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មក​ពី​ស្រុក​កាណាន​ដើម្បី​នឹង​ទិញ​ស្បៀង​អាហារ យ៉ូសែប​ស្គាល់​ពួក​បង​ជាក់ តែ​គេ​មិន​ស្គាល់​គាត់​ទេ គាត់​ក៏​នឹក​ឃើញ​ពី​សប្តិ​ដែល​បាន​យល់​សប្តិ​ពី​ដំណើរ​គេ រួច​និយាយ​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ឯង​បាន​មក​ដើម្បី​នឹង​មើល​ស្រុក​នេះ ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ តែ​គេ​ឆ្លើយ​ថា ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​បាន​គ្រាន់​តែ​មក​ទិញ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ យើង​ខ្ញុំ​រាល់​គ្នា​មាន​ឪពុក​តែ​១ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់​ពិត មិន​មែន​ជា​ពួក​លប​សង្កេត​ទេ តែ​គាត់​តប​ទៅ​គេ​ថា ទេ ពិត​ជា​ឯង​រាល់​គ្នា​បាន​មក ដើម្បី​មើល​ស្រុក​ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​ប្របាទ​មាន​បង​ប្អូន​១២​នាក់ ជា​កូន​មាន​ឪពុក​តែ​១​នៅ​ស្រុក​កាណាន មើល សព្វ​ថ្ងៃ​នេះ កូន​ពៅ​បាន​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​១​ទៀត​មិន​នៅ​ទេ យ៉ូសែប​ឆ្លើយ​តប​ថា គឺ​ដូច​ជា​អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ ថា​ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ អញ​នឹង​ល្បង​សាក​ឯង​រាល់​គ្នា​មើល​ដូច្នេះ គឺ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​តែ​ប្អូន​ពៅ​ឯង​បាន​មក​ឯ​ណេះ​សិន ចូរ​ឯង​ចាត់​គ្នា​ឯង​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​ត្រូវ​ចង​ឯង​រាល់​គ្នា​ទុក​នៅ​ទី​នេះ ដើម្បី​នឹង​ល្បង​សាក​មើល​ចំពោះ​ពាក្យ​សំដី​ឯង​ឲ្យ​ដឹង​ជា​និយាយ​ពិត​ឬ​ទេ បើ​មិន​ពិត​ទេ នោះ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​មែន