នោះនាយពិសេសថ្វាយពែងក៏ទូលទៅផារ៉ោនថា ថ្ងៃនេះ ទូលបង្គំនឹកឃើញពីសេចក្ដីកំហុសរបស់ទូលបង្គំហើយ ទ្រង់ព្រះករុណាបានខ្ញាល់នឹងពួកអ្នកបំរើទ្រង់ ហើយក៏ឃុំទូលបង្គំ នឹងមេពួកអ្នកដុតនំទុកក្នុងគុករបស់មេក្រុមរក្សាទ្រង់ យើងខ្ញុំទាំង២នាក់បានយល់សប្តិក្នុងយប់តែ១ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានសេចក្ដីសំរាយផ្សេងពីគ្នា នៅទីនោះ មានមនុស្សកំឡោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់ បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រ៉ាយរ៉ាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន នោះក៏កើតដល់យើងខ្ញុំដូចគាត់បានកាត់ស្រាយមែន ឯទូលបង្គំ គាត់កាត់ថា នឹងបានតាំងឡើងក្នុងដំណែងដើមរបស់ទូលបង្គំ ហើយអ្នក១នោះគាត់កាត់ថា នឹងត្រូវចងព្យួរវិញ។ នោះផារ៉ោន ទ្រង់ចាត់គេ ឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន ផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ ផារ៉ោនមានបន្ទូលទៅយ៉ូសែបថា ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេ ស្រាប់តែមានគោញី៧ មានសាច់ធាត់ល្អឡើងពីទន្លេមកស៊ីនៅទីវាល រួចឃើញមានគោញី៧ទៀតឡើងមកតាមក្រោយ វាស្គមហើយអាក្រក់មើលណាស់ គឺស្គមដល់ម៉្លេះបានជាយើងមិនដែលឃើញសត្វអាក្រក់យ៉ាងនោះ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទផង គោសំគម ហើយអាក្រក់មើលនោះ ក៏ស៊ីលេបគោញីមុន ដែលធាត់ៗទាំង៧អស់ទៅ តែកាលបានស៊ីទៅហើយ នោះក៏មិនដឹងជាបានស៊ីអ្វីផង ដ្បិតនៅតែអាក្រក់មើលដូចកាលពីមុនដែរ នោះយើងក៏ភ្ញាក់ឡើង រួចយល់សប្តិទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១ រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកឡើងជាខាងក្រោយ ហើយគួរស្រូវគ្រាប់តូចៗក៏លេបគួរដែលមានគ្រាប់ធំថ្លោសទាំង៧នោះទៅ យើងបានរ៉ាយរ៉ាប់សប្តិនេះប្រាប់ដល់ពួកហោរដែរ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយឲ្យយើងបានសោះ។ យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណា នោះតែ១ទេ ព្រះបានសំដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ គោញីសំគម ហើយអាក្រក់មើលទាំង៧ដែលឡើងតាមក្រោយមកនោះ គឺជា៧ឆ្នាំ ឯគួរស្រូវទទេដែលស្កកដោយខ្យល់ពីទិសខាងកើត នោះនឹងត្រូវជា៧ឆ្នាំអំណត់ គឺសេចក្ដីនេះឯងដែលទូលបង្គំបានទូលដល់ទ្រង់ព្រះករុណាថា សេចក្ដីដែលព្រះរៀបនឹងធ្វើ នោះទ្រង់បានសំដែងឲ្យទ្រង់ព្រះករុណាជ្រាបហើយ គឺថានឹងត្រូវមាន៧ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីព្ទ រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ នោះគេនឹងភ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីព្ទអស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ គេនឹងលែងស្គាល់សេចក្ដីបរិបូរនៅក្នុងស្រុកទៀត ដោយព្រោះអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះនឹងបានខ្លាំងណាស់ ហើយដែលព្រះករុណាបានទ្រង់សុបិនឃើញ២ដង នោះគឺដោយព្រោះព្រះបានសំរេចការនោះ ហើយក៏ប្រញាប់នឹងធ្វើដែរ។ ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានដំរិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកដំរួតនៅក្នុងស្រុក សំរាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង ឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំងល្អដែលត្រូវមកនេះ ហើយទុកស្រូវនៅក្រោមអំណាចទ្រង់ព្រះករុណា សំរាប់ជាអាហារនៅក្នុងទីក្រុងទាំងប៉ុន្មាន ហើយឲ្យអ្នកទាំងនោះគ្រប់គ្រងរក្សាទុក ឯស្បៀងអាហារនោះ នឹងបានបំរុងទុកសំរាប់ស្រុកអំណត់ទាំង៧ឆ្នាំដែលត្រូវមកក្នុងស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារអំណត់នោះឡើយ។
អាន លោកុប្បត្តិ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 41:9-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ