រួចលើកភោជនាហារមកជូនគាត់បរិភោគ តែគាត់ប្រកែកថា ខ្ញុំមិនទទួលទានទេ លុះត្រាតែខ្ញុំបានជំរាបពីរឿងខ្ញុំហើយសិន នោះឡាបាន់ក៏និយាយថា សូមមានប្រសាសន៍មកចុះ រួចគាត់និយាយថា ខ្ញុំជាបាវរបស់អ័ប្រាហាំ ព្រះយេហូវ៉ាទ្រង់បានប្រទានពរឲ្យចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺទ្រង់បានប្រទានឲ្យលោកមានចៀម គោ មាស ប្រាក់ បាវប្រុស បាវស្រី អូដ្ឋ ហើយនឹងលា ឯលោកយាយសារ៉ាជាប្រពន្ធរបស់ចៅហ្វាយខ្ញុំ នោះបានបង្កើតកូនប្រុស១ឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកចាស់ហើយ លោកក៏បានចែករបស់ទ្រព្យទាំងអស់ដល់កូននោះ ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា កុំឲ្យឯងយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅស្រុកគេនេះឡើយ តែត្រូវឲ្យឯងទៅឯផ្ទះឪពុកអញ ហើយនឹងញាតិសន្តានអញវិញ ដើម្បីនឹងយកប្រពន្ធមកឲ្យកូនអញ ខ្ញុំបានជំរាបចៅហ្វាយខ្ញុំថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំទេ នោះលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាដែលអញដើរនៅចំពោះទ្រង់ៗនឹងចាត់ទេវតាទ្រង់ទៅជាមួយនឹងឯង ដើម្បីធ្វើឲ្យដំណើរឯងបានកើតការ ហើយឯងនឹងយកប្រពន្ធឲ្យកូនអញពីញាតិសន្តានអញ គឺពីពួកវង្សឪពុកអញមកជាពិត ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ ដូច្នេះ នៅថ្ងៃនេះ ខ្ញុំក៏បានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជាចៅហ្វាយទូលបង្គំអើយ បើទ្រង់នឹងធ្វើឲ្យដំណើរទូលបង្គំបានកើតការក្នុងគ្រាឥឡូវនេះ មើល ទូលបង្គំនឹងឈរនៅត្រង់អណ្តូងទឹកនេះ ដូច្នេះបើនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយថា សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិច ហើយនាងនោះនឹងឆ្លើយមកទូលបង្គំថា ចាស អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ នោះសូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលព្រះយេហូវ៉ាទ្រង់ដំរូវដល់កូនរបស់ចៅហ្វាយទូលបង្គំ កាលខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ផុតនៅឡើយ នោះមើល ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងបានចុះទៅក្នុងអណ្តូងដងទឹកមក ហើយខ្ញុំបាននិយាយទៅនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងក៏ដាក់ក្អមចុះពីលើស្មាជា១រំពេច ដោយពាក្យថា អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋផឹកដែរ ដូច្នេះខ្ញុំក៏បានទទួលទាន រួចនាងឲ្យអូដ្ឋផឹកផង ហើយខ្ញុំសួរថា នាងជាកូនអ្នកណា នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល ជាចៅណាឃរ នឹងមីលកា នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ ហើយនឹងកងនៅដៃនាង ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរដំកើង ដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំដំរង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងទៀត។ នោះឡាបាន់ នឹងបេធូអែលក៏ឆ្លើយថា ការនេះសំរេចតែពីព្រះយេហូវ៉ាទេ ទោះបើយើងឆ្លើយនឹងអ្នក ជាអាក្រក់ ឬល្អក៏ពុំបានដែរ មើល រេបិកានៅមុខអ្នកស្រាប់ហើយ ចូរយកវាទៅ ឲ្យវាធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមក កាលបាវរបស់អ័ប្រាហាំបានឮដូច្នោះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ នឹងសំលៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានដំឡៃ ទៅបងនាង នឹងម្តាយនាងដែរ រួចគាត់ក៏បរិភោគទៅ ព្រមទាំងពួកអ្នកដែលមកជាមួយផង ហើយផ្អាកនៅក្នុងយប់នោះឯង លុះដល់ពេលព្រឹក កាលគេបានក្រោកឡើងហើយ នោះគាត់ជំរាបលាគេថា ខ្ញុំសូមវិលទៅឯចៅហ្វាយខ្ញុំវិញហើយ តែបង នឹងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ នោះគេឆ្លើយថា ចាំយើងហៅនាងមកសួរសិន រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង នឹងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ រេបិកាក៏ក្រោកឡើង ព្រមទាំងពួកស្រីបំរើនាងឡើងជិះអូដ្ឋទៅតាមបាវនោះ ហើយគាត់ក៏នាំយកនាងធ្វើដំណើរចេញទៅ។ ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយ-រយ ដ្បិតគាត់នៅស្រុកត្បូង ហើយគាត់ក៏ចេញទៅរំពឹងគិតនៅត្រង់ទីវាល ក្នុងកាលដែលពេលជិតព្រលប់ គាត់ក្រឡេកភ្នែកមើលទៅ ស្រាប់តែឃើញមានសត្វអូដ្ឋដើរចូលមក ឯរេបិកាក៏ងើបភ្នែកឡើងដែរ កាលបានឃើញអ៊ីសាក នោះក៏លោតចុះពីលើអូដ្ឋមក ហើយសួរទៅបាវនោះថា អ្នកណាន៏ ដែលដើរកាត់វាលដំរង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំ រួចនាងយកស្បៃមកបាំងមុខ បាវនោះក៏រៀបរាប់ប្រាប់អ៊ីសាក ពីគ្រប់ទាំងការដែលគាត់បានធ្វើ រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
អាន លោកុប្បត្តិ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 24:33-67
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ