លោកុ‌ប្បត្តិ 1:2-25

លោកុ‌ប្បត្តិ 1:2-25 ពគប

ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ​ពន្លឺ​ក៏​មាន​ឡើង ព្រះ‌ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ រួច​ទ្រង់​ញែក​ពន្លឺ​ពី​ងងឹត​ចេញ ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា ទ្រង់​ក៏​ធ្វើ​ប្រឡោះ​នោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ក៏​មាន​ដូច្នោះ រួច​ព្រះ‌ទ្រង់​ហៅ​ប្រឡោះ​នោះ​ថា​ជា​មេឃ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​២។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ដី​ដុះ​តិណ‌ជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ នឹង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ ដី​ក៏​ដុះ​តិណ‌ជាតិ​ទាំង‌ឡាយ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ នឹង​រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ​ឯង រួច​ទ្រង់​ឃើញ​ថា​ល្អ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៣។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ សំរាប់​ទុក​ជា​ទី​សំគាល់​នៃ​រដូវ ថ្ងៃ នឹង​ឆ្នាំ ហើយ​សំរាប់​ជា​ពន្លឺ​នៅ​ផ្ទៃ​មេឃ ដើម្បី​បំភ្លឺ​មក​ផែនដី នោះ​ក៏​មាន​ដូច្នោះ ទ្រង់​ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់ ក៏​ធ្វើ​ឲ្យ​មាន​ផ្កាយ​ទាំង​ប៉ុន្មាន​ដែរ ទ្រង់​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ផ្ទៃ​មេឃ សំរាប់​នឹង​បំភ្លឺ​មក​លើ​ផែនដី ឲ្យ​មាន​អំណាច​នៅ​ពេល​ថ្ងៃ នឹង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ងងឹត រួច​ទ្រង់​ឃើញ​ថា​ជា​ល្អ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៤។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆា‌ជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ នឹង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស ទ្រង់​ក៏​បង្កើត​អស់​ទាំង​សត្វ​សំបើមៗ នឹង​ជីវិត​ទាំង‌ឡាយ​ដែល​កំរើក ដែល​កើត​មាន​រវិន‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​ចំរើន​ឡើង​នៅ​ផែនដី​ដែរ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៥។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ចតុប្បាទ​ជាតិ​កើត​មក​នៅ​ដី​គោក​តាម​ពូជ គឺ​ជា​សត្វ​ស្រុក​សត្វ​លូន​វារ នឹង​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ នោះ​ក៏​មាន​ដូច្នោះ ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ