កាឡា‌ទី 2:11-21

កាឡា‌ទី 2:11-21 ពគប

ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់‌ទី‌យ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន ដ្បិត​មុន​ដែល​មាន​អ្នក​ខ្លះ​មក​ពី​លោក​យ៉ាកុប នោះ​លោក​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ដទៃ តែ​លុះ​គេ​មក​ដល់​ហើយ នោះ​លោក​ដក​ខ្លួន​ថយ​ចេញ ដោយ​កោត‌ខ្លាច​ដល់​ពួក​កាត់​ស្បែក ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត កាល​ខ្ញុំ​ឃើញ​ថា គេ​មិន​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​ក៏​សួរ​លោក​ពេត្រុស នៅ​មុខ​មនុស្ស​ទាំង​អស់​ថា បើ​លោក ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​របស់​សាសន៍​យូដា​ទេ គឺ​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​សាសន៍​ដទៃ​វិញ នោះ​ហេតុ​អ្វី​បាន​ជា​បង្ខំ​ឲ្យ​សាសន៍​ដទៃ ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ ឯ​យើង​ដែល​ជា​សាសន៍​យូដា​ពី​កំណើត ហើយ​មិន​មែន​ជា​អ្នក​ដែល​មាន​បាប​ក្នុង​សាសន៍​ដទៃ យើង​ដឹង​ថា មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ ហេតុ​នោះ​បាន​ជា​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌គ្រីស្ទ​នោះ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទេ ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ឡើយ រីឯ កាល​យើង​ខ្ញុំ​កំពុង​តែ​ស្វែង‌រក​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ នោះ​បើ​សិន​ជា​គេ​ឃើញ​យើង​មាន​បាប​វិញ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​ចែក​ចាយ​អំពើ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ដ្បិត​បើ​សិន​ជា​ខ្ញុំ​តាំង​ការ​ទាំង​នោះ​ឡើង​វិញ ដែល​ខ្ញុំ​បាន​រំលំ​ពី​ដើម នោះ​ឈ្មោះ​ថា ខ្ញុំ​តាំង​ខ្លួន​ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់​ហើយ ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យ‌វិន័យ ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ ខ្ញុំ​មិន​លើក​ព្រះ‌គុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ។

អាន កាឡា‌ទី 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កាឡា‌ទី 2:11-21