កាឡា‌ទី 1:2-10

កាឡា‌ទី 1:2-10 ពគប

ខ្ញុំ នឹង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ យើង​ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស​ឲ្យ​យើង​បាន​រួច​ពី​លោកីយ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ដល់​អស់​‌កល្ប​ជានិច្ច​រៀង​ត​ទៅ អាម៉ែន។ ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ‌គុណ​នៃ​ព្រះ‌គ្រីស្ទ ជា​ឆាប់​ម៉្លេះ នឹង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ ដែល​មិន​មែន​ជា​ដំណឹង​ល្អ​១​ទៀត​ទេ គឺ​មាន​មនុស្ស​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា​វិញ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ផង ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ឯ​សេចក្ដី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់‌មិញ​នេះ នោះ​ខ្ញុំ​និយាយ​ម្តង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ដ្បិត​តើ​ខ្ញុំ​រក​បញ្ចុះ‌បញ្ចូល​អ្នក​ណា តើ​ជា​មនុស្ស ឬ​ព្រះ ឬ​ចង់​បំពេញ​ចិត្ត​មនុស្ស​ឬ​អី បើ​សិន​ជា​ខ្ញុំ​ចង់​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​ទេ។

អាន កាឡា‌ទី 1