អេសេ‌គាល 13:1-18

អេសេ‌គាល 13:1-18 ពគប

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ធ្លាប់​ទាយ ហើយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​ទាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ​ចុះ ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ហោរា​ល្ងី‌ល្ងើ ដែល​ទាយ​តាម​តែ​ចិត្ត​របស់​ខ្លួន ឥត​មាន​ឃើញ​អ្វី​ឡើយ ឱ​ពួក​អ៊ីស្រាអែល​អើយ ពួក​ហោរា​របស់​ឯង​បាន​ធ្វើ​ដូច​ជា​ឆ្កែ​ចចក នៅ​ទី​ចោល​ស្ងាត់ ឯង​រាល់​គ្នា​មិន​បាន​ឡើង​ទៅ​ឯ​ចន្លោះ​ដែល​គេ​បំបាក់​ទំលាយ​កំផែង​ទេ ក៏​មិន​បាន​សង់​កំផែង​ឡើង​ការ‌ពារ​ពួក​អ៊ីស្រាអែល ដើម្បី​ឲ្យ​គេ​អាច​ឈរ​នៅ​ក្នុង​គ្រា​ចំបាំង នៅ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ានោះ​ដែរ គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ នឹង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សំរេច​ជា​ពិត ការ​ដែល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តែ​អញ​មិន​បាន​ពោល​សោះ នោះ​តើ​មិន​មែន​ជា​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​នឹង​ទាយ​កុហក​ទេ​ឬ​អី។ ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បញ្ចេញ​សេចក្ដី​កំភូត ហើយ​ឃើញ​ពាក្យ​កុហក​ដូច្នេះ បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​ទាស់​នឹង​ឯង​រាល់​គ្នា​ហើយ ដៃ​អញ​ក៏​ទាស់​នឹង​ពួក​ហោរា ដែល​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​ដែល​ទាយ​សេចក្ដី​កុហក​នោះ គេ​នឹង​មិន​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​រាស្ត្រ​អញ​ឡើយ ក៏​មិន​បាន​កត់​ទុក​ក្នុង​បញ្ជីនៃ​ពូជ‌ពង្ស​អ៊ីស្រាអែល ឬ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត ពី​ព្រោះ គឺ​ពី​ព្រោះ​តែ​គេ​បាន​លួង‌លោម​បញ្ឆោត​រាស្ត្រ​អញ ដោយ​ចេញ​ពាក្យ​ថា «សន្តិ‌សុខ» តែ​គ្មាន​សេចក្ដី​សន្តិ‌សុខ​សោះ​ប៉ុណ្ណោះ​ឯង រាស្ត្រ​អញ​ធ្វើ​កំផែង​ឡើង តែ​ចំណែក​គេៗ​បូក​ដោយ​ល្បាប់​វិញ ចូរ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បូក​ដោយ​ល្បាប់​នោះ​ថា កំផែង​នោះ​នឹង​រលំ​ទៅ ដោយ​មាន​ភ្លៀង​រំលា ហើយ​ឯង ឱ​គ្រាប់​ព្រិល​យ៉ាង​ធំ​អើយ ឯង​នឹង​ធ្លាក់​មក ក៏​នឹង​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បំបាក់​រលំ​កំផែង​ទៅ ដូច្នេះ កាល​ណា​កំផែង​បាន​រលំ​ហើយ នោះ​តើ​គេ​មិន​សួរ​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា ល្បាប់​ដែល​ឯង​រាល់​គ្នា​បាន​បូក​នោះ តើ​នៅ​ឯ​ណា ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​រំលំ​កំផែង​នោះ ដោយ​ខ្យល់​គំហុក ក្នុង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​នឹង​មាន​ភ្លៀង​រំលា​ដោយ​សេចក្ដី​កំហឹង​របស់​អញ ព្រម​ទាំង​គ្រាប់​ព្រិល​យ៉ាង​ធំ ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ដើម្បី​នឹង​បំផ្លាញ​បង់ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​រំលំ​កំផែង ដែល​ឯង​រាល់​គ្នា​បាន​បូក​ដោយ​ល្បាប់​នោះ អញ​នឹង​រលំ​ចុះ​ដល់​ដី ឲ្យ​ឫស​បាន​បើក​ឲ្យ​ឃើញ កំផែង​នោះ​នឹង​រំលំ​ចុះ ហើយ​ឯង​រាល់​គ្នា​នឹង​សាប‌សូន្យ​ទៅ នៅ​កណ្តាល​នោះ​ផង ដូច្នេះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​សំរេច​សេចក្ដី​ក្រោធ​របស់​អញ នៅ​លើ​កំផែង​នោះ ហើយ​លើ​ពួក​អ្នក​ដែល​បាន​បូក​ដោយ​ល្បាប់​ផង​ដែរ រួច​អញ​នឹង​និយាយ​នឹង​ឯង​រាល់​គ្នា​ថា កំផែង​នោះ​មិន​មាន​ទៀត​ទេ ព្រម​ទាំង​ពួក​អ្នក​ដែល​បូក​ផង គឺ​ជា​ពួក​ហោរា​របស់​សាសន៍​អ៊ីស្រាអែល ដែល​ទាយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម ហើយ​ឃើញ​ការ​ជាក់‌ស្តែង​ពី​សេចក្ដី​សុខ​សំរាប់​ទី​ក្រុង តែ​ឥត​មាន​សេចក្ដី​សុខ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។ ឯ​ឯង កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ឯង ដែល​ទាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ ហើយ​ទាយ​ទាស់​នឹង​គេ ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ស្រីៗ​ដែល​ដេរ​កែប​កំណល់​ភ្ជាប់ នៅ​កួយ​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សំរាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ ឯង​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​អញ​ដូច្នេះ នោះ​តើ​នឹង​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​ឯង​ឲ្យ​រស់​នៅ​បាន​ឬ

អាន អេសេ‌គាល 13