និក្ខមនំ 5:4-14

និក្ខមនំ 5:4-14 ពគប

តែ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​មាន​បន្ទូល​តប​ថា នែ​ម៉ូសេ​នឹង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ឯង​វិញ​ទៅ។ ផារ៉ោន​ទ្រង់​ក៏​មាន​បន្ទូល​ថា មើល ឥឡូវ​នេះ បណ្តាជន​នៅ​ស្រុក​នេះ​គេ​មាន​គ្នា​ច្រើន ហើយ​ឯង​មក​ធ្វើ​ឲ្យ​គេ​ឈប់​ពី​ការ​គេ​ចេញ​ដូច្នេះ។ នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​ទ្រង់​បង្គាប់​ដល់​ពួក​មេ​ដំរួត​លើ​ជន​ទាំង‌ឡាយ ហើយ​នឹង​ពួក​នាយ​ថា ចូរ​កុំ​ឲ្យ​ចំបើង​ដល់​ជន​សំរាប់​នឹង​ធ្វើ​ឥដ្ឋ​ដូច​អំពី​ដើម​ទៀត​ឡើយ ត្រូវ​ឲ្យ​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​វិញ តែ​ឯ​ចំនួន​ឥដ្ឋ​ដែល​គេ​ធ្លាប់​ធ្វើ​ពី​ដើម​មក នោះ​ត្រូវ​បង្ខំ​ឲ្យ​គេ​ចេះ​តែ​ធ្វើ​ទៅ​ទៀត​ចុះ កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល​ទេ បាន​ជា​ស្រែក​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ត្រូវ​ដាក់​បន្ទុក​ឲ្យ​គេ​ធ្វើ​រឹត‌តែ​ធ្ងន់​ឡើង ដើម្បី​ឲ្យ​គេ​ខំ​ធ្វើ​ទៅ កុំ​ឲ្យ​គេ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ។ ពួក​មេ​ដំរួត​លើ​ពួក​ជន នឹង​ពួក​នាយ ក៏​ទៅ​ប្រាប់​ដល់​គេ​ថា ផារ៉ោន​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​លែង​បើក​ចំបើង​ឲ្យ​ឯង​រាល់​គ្នា​ហើយ ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ​ការ​របស់​ឯង​រាល់​គ្នា នោះ​មិន​ត្រូវ​បន្ថយ​សូម្បី​ដល់​បន្តិច‌បន្តួច​ឡើយ ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​រក​រើស​ជញ្ជ្រាំង​មក​ជំនួស​ចំបើង ពួក​មេ​ដំរួត​ក៏​ពោល​បង្ខំ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​បង្ហើយ​ការ​របស់​ឯង​ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​កាល​មាន​ចំបើង​ពី​ដើម​មក​ដែរ គេ​ក៏​វាយ​ពួក​មេ​នៃ​កូន​ចៅ​អ៊ីស្រាអែល ដែល​ពួក​មេ​ដំរួត​របស់​ផារ៉ោន​បាន​តាំង​លើ​បណ្តាជន ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ​ហើយ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​អំពី​ដើម​មក។

អាន និក្ខមនំ 5