តែស្តេចស្រុកអេស៊ីព្ទទ្រង់មានបន្ទូលតបថា នែម៉ូសេនឹងអើរ៉ុន ហេតុអ្វីបានជាបញ្ឈប់ពួកជនមិនឲ្យធ្វើការដូច្នេះ ចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងវិញទៅ។ ផារ៉ោនទ្រង់ក៏មានបន្ទូលថា មើល ឥឡូវនេះ បណ្តាជននៅស្រុកនេះគេមានគ្នាច្រើន ហើយឯងមកធ្វើឲ្យគេឈប់ពីការគេចេញដូច្នេះ។ នៅថ្ងៃនោះឯង ផារ៉ោនទ្រង់បង្គាប់ដល់ពួកមេដំរួតលើជនទាំងឡាយ ហើយនឹងពួកនាយថា ចូរកុំឲ្យចំបើងដល់ជនសំរាប់នឹងធ្វើឥដ្ឋដូចអំពីដើមទៀតឡើយ ត្រូវឲ្យគេទៅរកចំបើងដោយខ្លួនឯងវិញ តែឯចំនួនឥដ្ឋដែលគេធ្លាប់ធ្វើពីដើមមក នោះត្រូវបង្ខំឲ្យគេចេះតែធ្វើទៅទៀតចុះ កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិលទេ បានជាស្រែកថា សូមឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ ត្រូវដាក់បន្ទុកឲ្យគេធ្វើរឹតតែធ្ងន់ឡើង ដើម្បីឲ្យគេខំធ្វើទៅ កុំឲ្យគេទុកចិត្តនឹងពាក្យកំភូតឡើយ។ ពួកមេដំរួតលើពួកជន នឹងពួកនាយ ក៏ទៅប្រាប់ដល់គេថា ផារ៉ោនទ្រង់មានបន្ទូលដូច្នេះថា អញលែងបើកចំបើងឲ្យឯងរាល់គ្នាហើយ ចូរទៅរកចំបើងដោយខ្លួនឯងនៅកន្លែងណាដែលរកបានចុះ ប៉ុន្តែការរបស់ឯងរាល់គ្នា នោះមិនត្រូវបន្ថយសូម្បីដល់បន្តិចបន្តួចឡើយ ដូច្នេះ បណ្តាជនទាំងឡាយត្រូវខ្ចាត់ខ្ចាយ ទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីនឹងរករើសជញ្ជ្រាំងមកជំនួសចំបើង ពួកមេដំរួតក៏ពោលបង្ខំថា ចូរឯងរាល់គ្នាធ្វើបង្ហើយការរបស់ឯងដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាកាលមានចំបើងពីដើមមកដែរ គេក៏វាយពួកមេនៃកូនចៅអ៊ីស្រាអែល ដែលពួកមេដំរួតរបស់ផារ៉ោនបានតាំងលើបណ្តាជន ហើយសួរថា ហេតុអ្វីបានជាពីម្សិលមិញហើយថ្ងៃនេះ ឯងរាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចអំពីដើមមក។
អាន និក្ខមនំ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 5:4-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ