និក្ខមនំ 27

27
1ត្រូវ​ឲ្យ​ធ្វើ​អាសនា​ពី​ឈើ​នាង‌នួន បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ 2ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាសនា​គ្រប់​ទាំង​៤​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន 3ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​សំរាប់​អាសនា ឯ​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់ 4ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សំរាប់​អាសនា​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​៤​ដាក់​នៅ​គ្រប់​ជ្រុង​ប្រទាស 5ត្រូវ​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​កំពស់​នៃ​អាសនា 6ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សំរាប់​សែង​អាសនា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ 7ត្រូវ​ប្រហក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាសនា​សំរាប់​សែង​ទៅ 8អាសនា​នោះ​ត្រូវ​ធ្វើ​ពី​ក្តារ​ឲ្យ​ខូង ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។
9ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សំរាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ 10ហើយ​ត្រូវ​មាន​សសរ​២០ នឹង​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ នឹង​គន្លឹះ នោះ​ត្រូវ​ធ្វើ​ពី​ប្រាក់ 11នៅ​ខាង​ជើង ត្រូវ​មាន​រនាំង​ប្រវែង​១​រយ​ហត្ថ ហើយ​សសរ​២០ នឹង​ជើង​សសរ​លង្ហិន​២០​ដែរ ឯ​ទំពក់​សសរ នឹង​គន្លឹះ ក៏​ត្រូវ​ធ្វើ​ពី​ប្រាក់​ដូច​គ្នា 12នៅ​ខាង​លិច ទទឹង​ទីលាន នោះ​ត្រូវ​មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​សសរ​១០ នឹង​ជើង​១០ 13ឯ​នៅ​ខាង​កើត​ទីលាន មាន​ទទឹង​៥០​ហត្ថ​ដែរ 14តែ​ខាង​ម្ខាង​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ នឹង​សសរ​៣ ហើយ​នឹង​ជើង​៣ 15ឯ​ម្ខាង​ទៀត នោះ​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ នឹង​សសរ​៣ ហើយ​នឹង​ជើង​៣​ដូច​គ្នា 16ឯ​នៅ​មាត់​ទ្វារ​ទីលាន ត្រូវ​មាន​រនាំង​ប្រវែង​២០​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​៤ នឹង​ជើង​៤​ដែរ 17អស់​ទាំង​សសរ​នៅ​ជុំវិញ​ទីលាន នោះ​ត្រូវ​មាន​គន្លឹះ នឹង​ទំពក់​ធ្វើ​ពី​ប្រាក់ ហើយ​នឹង​ជើង​ធ្វើ​ពី​លង្ហិន 18ទីលាន​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១​រយ​ហត្ថ នឹង​ទទឹង​៥០​ហត្ថ​ស្មើ​គ្នា​រហូត ហើយ​កំពស់​រនាំង​៥​ហត្ថ ឯ​រនាំង​នោះ ត្រូវ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ជើង​សសរ​ទាំង​ប៉ុន្មាន​ត្រូវ​ធ្វើ​ពី​លង្ហិន 19អស់​ទាំង​ប្រដាប់​សំរាប់​នឹង​ប្រើ​ការ​ក្នុង​រោង​ឧបោសថ នឹង​ចំរ៉ឹង​នៃ​រោង​នោះ ហើយ​ចំរ៉ឹង​ទីលាន នោះ​ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
20ត្រូវ​ឲ្យ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ ដែល​ធ្វើ​យ៉ាង​សំរាំង សំរាប់​នឹង​ដុត​នៅ​ចង្កៀង​ជា​អចិន្ត្រៃយ៍ 21ឯ​ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន នឹង​កូន​លោក​ថែ​ឲ្យ​ឆេះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ល្ងាច​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ​ត្រង់​មុខ​ទី​បន្ទាល់ នេះ​ជា​ច្បាប់​សំរាប់​អស់​‌កល្ប​ជានិច្ច ដល់​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត​រៀង​ទៅ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 27: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល