និក្ខមនំ 22
22
1បើអ្នកណាលួចគោ ឬចៀមគេ ហើយកាប់សំឡាប់ឬលក់ទៅ នោះត្រូវសងគោ៥ឲ្យធួននឹងគោ១ ហើយចៀម៤ឲ្យធួននឹងចៀម១ 2បើចោរកំពុងតែលួច ហើយគេបានទាន់វាយសំឡាប់ទៅ នោះគេគ្មានទោសនឹងឈាមវាទេ 3តែបើថ្ងៃរះហើយ នោះត្រូវមានទោសវិញ ដ្បិតនឹងត្រូវចាប់ឲ្យសង បើចោរគ្មានអ្វីសោះ ត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលបានលួចយកនោះ 4បើរបស់ដែលលួចនោះ ទោះគោ លា ឬចៀមក្តី ឃើញរស់នៅដៃវានៅឡើយ នោះត្រូវឲ្យសង១ជា២។
5បើអ្នកណាធ្វើបំផ្លាញចំការ ឬដំណាំទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួនឲ្យលុកលុយស៊ីក្នុងដីគេ នោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចំការរបស់ខ្លួនទៅសងគេវិញ។
6បើកាលណាមានភ្លើងឆេះគុម្ពបន្លា ហើយខ្ទាតទៅឆេះដល់ស្នឹមស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកណាដែលដុតភ្លើង ត្រូវតែសងគេជាមិនខាន។
7បើអ្នកណាផ្ញើប្រាក់ ឬជារបស់អ្វីទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើសិនជាគេចាប់ចោរបាន នោះចោរត្រូវសង១ជា២ 8តែបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅឯចៅក្រម ដើម្បីនឹងពិចារណាមើល តើអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងឬទេ។
9ក្នុងគ្រប់រឿងរំលងច្បាប់អ្វី ទោះពីគោ ពីលា ពីចៀម ពីខោអាវ ឬពីរបស់ណាបាត់ក៏ដោយ ដែលគេនឹងប្រកាន់ថា នេះជារបស់ខ្ញុំ នោះរឿងអ្នកទាំងសងខាងត្រូវនាំទៅឯចៅក្រម បើអ្នកណាដែលចៅក្រមបានកាត់ថាមានទោស អ្នកនោះត្រូវសងគេ១ជា២។
10បើអ្នកណាផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ 11នោះអ្នកទាំង២ត្រូវស្បថនឹងគ្នាដោយនូវព្រះយេហូវ៉ា ដើម្បីឲ្យបានដឹងជាអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងខ្លួនឬទេ ហើយម្ចាស់សត្វនឹងត្រូវរងសម្បថនោះ រួចអ្នកនោះមិនត្រូវសងសំណងទេ 12ប៉ុន្តែបើមានគេលួចសត្វនោះទៅវិញ នោះនឹងត្រូវសងសំណងទៅម្ចាស់ជាពិត 13ឬបើត្រូវសត្វណាហែកវា នោះត្រូវយកមកធ្វើជាភស្តុតាង ហើយមិនត្រូវសងសំណងពីសត្វណាដែលត្រូវហែកហួរនោះទេ។
14បើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬស្លាប់ក្នុងកាលដែលម្ចាស់មិនបាននៅជាមួយ នោះត្រូវតែសងសំណងជាមិនខាន 15បើម្ចាស់វានៅជាមួយដែរ នោះមិនត្រូវសងសំណងទេ បើជាសត្វដែលគេជួល នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
16បើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនឹងនាង នោះត្រូវយកនាងធ្វើជាប្រពន្ធទៅ ព្រមទាំងចេញបណ្តាការឲ្យផង 17តែបើឪពុកនាងមិនព្រមឲ្យទៅអ្នកនោះសោះ នោះត្រូវតែសងថ្លៃតាមបណ្តាការរបស់ស្ត្រីក្រមុំវិញ។
18កុំទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។
19អ្នកណាដែលរួមសង្វាសជាមួយនឹងសត្វ នោះត្រូវសំឡាប់ចោលជាមិនខាន។
20អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ាតែ១ នោះនឹងត្រូវបំផ្លាញចេញអស់រលីង។
21កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។
22កុំឲ្យធ្វើទុក្ខដល់ស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ 23បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសំរែករបស់គេជាមិនខាន 24ហើយសេចក្ដីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសំឡាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ។
25បើឲ្យរាស្ត្រអញណាមួយ ជាអ្នកទ័លក្រ ដែលនៅជាមួយនឹងឯងបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។
26បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច 27ដ្បិតជាសំពត់ដណ្តប់តែ១របស់អ្នកនោះ ជាសំលៀកបំពាក់ខ្លួនគេ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក បើគេអំពាវនាវដល់អញ នោះអញនឹងឮ ដ្បិតអញមានសេចក្ដីអាណិតដល់គេ។
28កុំឲ្យប្រមាថមើលងាយដល់ព្រះ ក៏កុំឲ្យជេរប្រទេចដល់ចៅហ្វាយរបស់សាសន៍ឯងឡើយ។
29កុំឲ្យបង្អង់នឹងថ្វាយផលផ្លែ នឹងទឹកទំពាំងបាយជូរដំបូងរបស់ឯង១ចំណែកមកអញឡើយ ឯកូនប្រុសៗរបស់ឯងដែលកើតជាដំបូង នោះក៏ត្រូវថ្វាយដល់អញដែរ 30ហើយទាំងកូនគោកូនចៀមដែលកើតដំបូង នោះត្រូវនៅនឹងមេវាអស់៧ថ្ងៃ លុះដល់ថ្ងៃទី៨ នោះត្រូវថ្វាយដល់អញ។
31ឯងរាល់គ្នាត្រូវបានជាមនុស្សបរិសុទ្ធដល់អញ កុំឲ្យស៊ីសាច់ដែលត្រូវសត្វព្រៃហែកនៅឯវាលឡើយ ត្រូវបោះចោលទៅឲ្យឆ្កែវិញ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 22: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.