និក្ខមនំ 18:13-27

និក្ខមនំ 18:13-27 ពគប

ដល់​ថ្ងៃ​ស្អែក​ឡើង ម៉ូសេ​អង្គុយ​ជំនុំ‌ជំរះ​រឿង​ឲ្យ​បណ្តាជន​ទាំង‌ឡាយ ឯ​បណ្តាជន​ទាំង​អស់​ក៏​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច កាល​ឪពុក​ក្មេក​ម៉ូសេ បាន​ឃើញ​អស់​ទាំង​ការ​ដែល​លោក​ធ្វើ​សំរាប់​ពួក​បណ្តាជន​ដូច្នោះ នោះ​ក៏​សួរ​ថា តើ​ឯង​ធ្វើ​អ្វី​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អង្គុយ​តែ​ម្នាក់​ឯង ហើយ​បណ្តាជន​គេ​ឈរ​នៅ​ចំពោះ​មុខ​ឯង​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ ម៉ូសេ​ក៏​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា ពី​ព្រោះ​គេ​មក​ឯ​ខ្ញុំ ដើម្បី​ទូល​សួរ​ដល់​ព្រះ កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​របស់​ព្រះ​ផង ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ ដ្បិត​យ៉ាង​នោះ​ឯង​នឹង​ថយ​កំឡាំង​ទៅ ព្រម​ទាំង​កំឡាំង​នៃ​បណ្តាជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ ឥឡូវ​នេះ ចូរ​ស្តាប់​សិន អញ​នឹង​ទូន្មាន​ឯង​បន្តិច ក៏​សូម​ឲ្យ​ព្រះ​គង់​ជា​មួយ​នឹង​ឯង​ផង គឺ​ឲ្យ​ឯង​បាន​ឈរ​ជា​ជំនួស​បណ្តាជន​ទាំង‌ឡាយ​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​នាំ​រឿង​គេ​ទាំង​ប៉ុន្មាន​ទៅ​ទូល​ដល់​ទ្រង់ ហើយ​ឯង​នឹង​បង្រៀន​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​ដល់​គេ ទាំង​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ នឹង​ការ​ដែល​គេ​ត្រូវ​ធ្វើ​ដែរ ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប ឯ​អស់​ទាំង​រឿង​ណា​ធំៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​ឯង តែ​បើ​ជា​រឿង​តូចៗ​ទេ ត្រូវ​ឲ្យ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​បាន​ជា​ជំនួយ​ដល់​ឯង បើ​ឯង​ព្រម​ធ្វើ​ដូច្នោះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​ផង នោះ​ឯង​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន ហើយ​បណ្តាជន​នេះ​នឹង​បាន​ទៅ​ដល់​កន្លែង​គេ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា​ដែរ។ ម៉ូសេ​លោក​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​ដែល​លោក​ថា​ទាំង​ប៉ុន្មាន គឺ​លោក​រើស​យក​មនុស្ស ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តាជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ អ្នក​ទាំង​នោះ​ក៏​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប​ទៅ គេ​នាំ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​ពិបាកៗ​មក​ដល់​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​តូចៗ នោះ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​វិញ រួច​ម៉ូសេ​បញ្ជូន​ឲ្យ​ឪពុក​ក្មេក​ទៅ នោះ​លោក​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ។

អាន និក្ខមនំ 18