ដល់ថ្ងៃស្អែកឡើង ម៉ូសេអង្គុយជំនុំជំរះរឿងឲ្យបណ្តាជនទាំងឡាយ ឯបណ្តាជនទាំងអស់ក៏ឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច កាលឪពុកក្មេកម៉ូសេ បានឃើញអស់ទាំងការដែលលោកធ្វើសំរាប់ពួកបណ្តាជនដូច្នោះ នោះក៏សួរថា តើឯងធ្វើអ្វីដូច្នេះ ហេតុអ្វីបានជាអង្គុយតែម្នាក់ឯង ហើយបណ្តាជនគេឈរនៅចំពោះមុខឯងតាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ ម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថា ពីព្រោះគេមកឯខ្ញុំ ដើម្បីទូលសួរដល់ព្រះ កាលណាគេមានរឿងអ្វី នោះគេតែងមកឯងខ្ញុំ ហើយខ្ញុំវិនិច្ឆ័យឲ្យគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងសេចក្ដីបញ្ញត្ត នឹងច្បាប់របស់ព្រះផង ឪពុកក្មេកម៉ូសេក៏និយាយថា ដែលឯងធ្វើដូច្នោះ នោះមិនស្រួលទេ ដ្បិតយ៉ាងនោះឯងនឹងថយកំឡាំងទៅ ព្រមទាំងកំឡាំងនៃបណ្តាជនដែលនៅជាមួយនឹងឯងផង ពីព្រោះការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ ឥឡូវនេះ ចូរស្តាប់សិន អញនឹងទូន្មានឯងបន្តិច ក៏សូមឲ្យព្រះគង់ជាមួយនឹងឯងផង គឺឲ្យឯងបានឈរជាជំនួសបណ្តាជនទាំងឡាយនៅចំពោះព្រះ ដើម្បីនឹងនាំរឿងគេទាំងប៉ុន្មានទៅទូលដល់ទ្រង់ ហើយឯងនឹងបង្រៀនអស់ទាំងសេចក្ដីបញ្ញត្ត នឹងច្បាប់ដល់គេ ទាំងបង្ហាញផ្លូវដែលគេត្រូវដើរ នឹងការដែលគេត្រូវធ្វើដែរ ត្រូវឲ្យឯងរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជន ជាមនុស្សទៀងត្រង់ដែលស្អប់ការសំណូក ហើយត្រូវតាំងមនុស្សទាំងនោះឡើង ឲ្យត្រួតត្រាលើជនទាំងឡាយ ឲ្យគេធ្វើជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ផង ឲ្យអ្នកទាំងនោះជំនុំជំរះពួកជនជាដរាប ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់ឯង តែបើជារឿងតូចៗទេ ត្រូវឲ្យគេកាត់សេចក្ដីដោយខ្លួនគេចុះ នោះឯងនឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងបានជាជំនួយដល់ឯង បើឯងព្រមធ្វើដូច្នោះ ហើយព្រះទ្រង់ក៏បង្គាប់ផង នោះឯងនឹងនៅស្ថិតស្ថេរបាន ហើយបណ្តាជននេះនឹងបានទៅដល់កន្លែងគេដោយសុខសាន្តទាំងអស់គ្នាដែរ។ ម៉ូសេលោកក៏ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមពាក្យដែលលោកថាទាំងប៉ុន្មាន គឺលោករើសយកមនុស្ស ដែលប៉ិនប្រសប់ក្នុងពួកអ៊ីស្រាអែលទាំងអស់ តាំងឡើងឲ្យធ្វើជាមេត្រួតត្រាលើបណ្តាជនទាំងឡាយ ជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ដូច្នោះ អ្នកទាំងនោះក៏ជំនុំជំរះពួកជនជាដរាបទៅ គេនាំអស់ទាំងរឿងរ៉ាវណាដែលពិបាកៗមកដល់ម៉ូសេ តែអស់ទាំងរឿងរ៉ាវណាដែលតូចៗ នោះគេកាត់សេចក្ដីដោយខ្លួនគេវិញ រួចម៉ូសេបញ្ជូនឲ្យឪពុកក្មេកទៅ នោះលោកក៏ត្រឡប់ទៅស្រុកវិញ។
អាន និក្ខមនំ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 18:13-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ