មានគេនាំម៉ូសេនឹងអើរ៉ុនមកឯផារ៉ោនវិញ នោះទ្រង់មានបន្ទូលថា ទៅចុះ ទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចុះ តើមានអ្នកណាខ្លះដែលទៅ ម៉ូសេទូលឆ្លើយថា យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហើយនឹងហ្វូងចៀមហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតនេះគឺជាបុណ្យព្រះយេហូវ៉ាសំរាប់យើងខ្ញុំរាល់គ្នា នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯងរាល់គ្នា ដូចជាអញបានប្រុងឲ្យឯងរាល់គ្នានឹងកូនចៅឯងទៅដែរ តែចូរប្រយ័ត ដ្បិតមានគ្រោះនៅខាងមុខឯងរាល់គ្នា ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរលើកដៃឡើងលើស្រុកអេស៊ីព្ទ ដើម្បីឲ្យកើតមានកណ្តូបមកលើស្រុក ឲ្យវាស៊ីដំណាំទាំងប៉ុន្មានដែលសល់អំពីព្រឹលមក ម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់ ពីខាងកើត បក់មកលើស្រុកនោះ អស់១ថ្ងៃ១យប់ លុះដល់ព្រឹកឡើងក៏បក់ដោយទាំងកណ្តូបមកផង កណ្តូបឡើងមកគ្របលើស្រុកអេស៊ីព្ទទាំងមូល ក៏ទំនៅពេញគ្រប់ទាំងព្រំស្រុក វានាំឲ្យវេទនាណាស់ តាំងពីដើមមកមិនដែលមានកណ្តូបយ៉ាងនោះឡើយ ហើយទៅខាងមុខក៏មិនដែលមានទៀតដែរ ដ្បិតវាមកគ្របពេញពីលើដី ដល់ម៉្លេះបានជាស្រុកត្រឡប់ទៅជាងងឹត វាក៏ស៊ីដំណាំទាំងអស់នៅក្នុងស្រុក ហើយនឹងអស់ទាំងផ្លែឈើ ដែលរួចអំពីព្រិលមក គ្មានសល់ស្លឹកខ្ចីណាមួយនៅដើមឈើ ឬស្មៅនៅវាលគ្រប់ក្នុងស្រុកអេស៊ីព្ទឡើយ។ នោះផារ៉ោន ទ្រង់ហៅម៉ូសេ នឹងអើរ៉ុន មកជាប្រញាប់ប្រាប់ថា អញបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ហើយនឹងឯងរាល់គ្នាដែរ ដូច្នេះសូមអត់ទោសដល់អញក្នុងគ្រានេះម្តងចុះ ហើយសូមអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដើម្បីឲ្យទ្រង់បន្ថយសេចក្ដីស្លាប់នេះ ចេញពីអញទៅ លោកក៏ថយចេញពីផារ៉ោនទៅសូមអង្វរដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ធ្វើឲ្យមានខ្យល់ពីខាងលិចយ៉ាងខ្លាំង បក់កៀរកណ្តូបទំលាក់ទៅក្នុងសមុទ្រក្រហមអស់ទៅ គ្មានសល់កណ្តូបណាមួយនៅគ្រប់ក្នុងស្រុកអេស៊ីព្ទទៀតឡើយ តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងដដែល ហើយផារ៉ោនមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ លោកក៏លើកដៃទៅលើមេឃ នោះមានងងឹតយ៉ាងក្រាស់ណាស់នៅពេញក្នុងស្រុកអេស៊ីព្ទអស់ចំនួន៣ថ្ងៃ គេមើលគ្នាមិនឃើញសោះ ក្នុងវេលា៣ថ្ងៃនោះឥតមានអ្នកក្រោកពីកន្លែងខ្លួនឡើយ តែនៅក្នុងផ្ទះនៃពួកកូនចៅអ៊ីស្រាអែល នោះមានពន្លឺវិញ។ ឯផារ៉ោន ទ្រង់មានបន្ទូលហៅម៉ូសេមក ប្រាប់ថា ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ឲ្យទុកតែហ្វូងចៀម ហើយនឹងហ្វូងគោឯងរាល់គ្នាប៉ុណ្ណោះ ចូរយកទាំងកូនតូចៗទៅជាមួយផង តែម៉ូសេប្រកែកថា ទេ ត្រូវឲ្យទ្រង់ប្រទានសត្វសំរាប់ជាយញ្ញបូជា នឹងដង្វាយដុតមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរៀបថ្វាយព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំផង យើងខ្ញុំត្រូវតែនាំហ្វូងសត្វទៅជាមួយ មិនត្រូវនៅសល់ សូម្បីតែក្រចកសត្វណាមួយផង ព្រោះយើងខ្ញុំត្រូវយកពីហ្វូងសត្វនោះ នឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយយើងខ្ញុំក៏មិនទាន់ដឹងជាត្រូវយកអ្វី ដើម្បីថ្វាយបង្គំព្រះយេហូវ៉ាដែរ ទាល់តែបានដល់ទៅទីនោះ តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងទៀត ហើយស្តេចមិនព្រមបើកឲ្យគេទៅទេ ផារ៉ោនក៏មានបន្ទូលទៅលោកថា ថយចេញពីអញទៅ ចូរប្រយ័ត កុំឲ្យមកនៅមុខអញទៀតឡើយ ដ្បិតបើថ្ងៃណាដែលឯងមកនៅមុខអញ នោះឯងនឹងត្រូវស្លាប់ ម៉ូសេក៏ទូលឆ្លើយថា បន្ទូលនោះត្រូវណាស់ ទូលបង្គំលែងមកគាល់ទ្រង់ទៀតហើយ។
អាន និក្ខមនំ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 10:8-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ