សាស្តា 12
12
1ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា អញអស់សប្បាយហើយ 2គឺមុនដែលថ្ងៃ ពន្លឺ ខែ នឹងផ្កាយទាំងប៉ុន្មានទៅជាងងឹត ហើយពពកវិលមកក្រោយដែលភ្លៀង 3នៅថ្ងៃដែលពួកអ្នកចាំផ្ទះត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែត្រូវឱនខ្លួនចុះ ពួកស្រីដែលកិនស្រូវត្រូវឈប់ ដោយព្រោះមានគ្នាតិចពេក ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ 4ហើយទ្វារដែលបើកទៅឯថ្នល់ត្រូវបិទ ជាពេលដែលអន់ឮសូរត្បាល់កិន កាលគេស្ទុះក្រោកឡើង ដោយឮសំឡេងសត្វហើរយំ ហើយអស់ទាំងពួកស្រីៗដែលធ្លាប់ច្រៀងត្រូវទាបថោកវិញ 5អើ គេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើ ក៏នឹងមានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងផ្កាឡើង ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ សេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ដោយព្រោះមនុស្សរមែងទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ 6គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្តូងខូចទៅ 7ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ 8«ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
9ហើយ១ទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានដំរិះទៅទៀត អើលោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើនតាមរបៀបគ្រូប្រដៅ 10លោកបានស្វែងរកពាក្យពីរោះ នឹងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។
11ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញ នោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១ 12១ទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន នោះមិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន នោះរមែងនាំឲ្យអផ្សុកដល់រូបសាច់។
13សេចក្ដីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ 14ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មក ដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
ទើបបានជ្រើសរើសហើយ៖
សាស្តា 12: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.