ចោទិយកថា 6
6
1នេះជាសេចក្ដីបង្គាប់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបង្គាប់មកឲ្យបង្រៀនដល់ឯង ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលនឹងឆ្លងចូលទៅទទួលយក 2ប្រយោជន៍ឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយកាន់តាមគ្រប់ទាំងច្បាប់ នឹងបញ្ញត្តរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនេះ នៅអស់១ជីវិតរបស់ឯង នឹងកូនចៅឯងតរៀងទៅ ហើយឲ្យឯងបានអាយុជាយូរអង្វែងតទៅ 3ដូច្នេះឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់ ហើយប្រយ័ត នឹងប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានសប្បាយ ហើយចំរើនគ្នាជាច្រើនឡើងយ៉ាងសន្ធឹក នៅក្នុងស្រុកដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ ដូចជាព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង បានសន្យានឹងឯងហើយ។
4ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ 5ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង 6សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ 7ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង 8ត្រូវចងសេចក្ដីទាំងនេះជាប់នៅដៃឯង ទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង 9ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង។
10កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុបជាពួកឰយុកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំ ហើយល្អដែលឯងមិនបានសង់ 11ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលឯងមិនបានប្រមូលទុក នឹងស្រះជីកស្រាប់ ដែលឯងមិនបានជីក ហើយទាំងចំការទំពាំងបាយជូរ នឹងដើមអូលីវ ដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត 12នោះចូរប្រយ័ត ក្រែងភ្លេចព្រះយេហូវ៉ា ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក 13ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ទ្រង់ ព្រមទាំងស្បថដោយនូវព្រះនាមទ្រង់ 14មិនត្រូវឲ្យឯងរាល់គ្នាទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយ 15ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់គង់នៅកណ្តាលពួកឯង ទ្រង់ជាព្រះប្រចណ្ឌ ក្រែងសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាជាព្រះនៃឯង បានក្តៅឡើងទាស់នឹងឯង រួចទ្រង់បំផ្លាញឯងរាល់គ្នាពីលើផែនដីនេះចេញទៅ។
16កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាបានល្បងទ្រង់នៅត្រង់ម៉ាសានោះឡើយ 17ត្រូវឲ្យកាន់អស់ពីចិត្ត តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងសេចក្ដីបន្ទាល់ នឹងច្បាប់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់មក 18ក៏ត្រូវតែប្រព្រឹត្តការទៀងត្រង់ ហើយល្អនៅព្រះនេត្រព្រះយេហូវ៉ា ដើម្បីឲ្យបានសប្បាយ ហើយឲ្យបានចូលទៅទទួលយកស្រុកដ៏ល្អដែលទ្រង់បានស្បថនឹងពួកឰយុកោឯងថា 19ទ្រង់នឹងបណ្តេញអស់ទាំងខ្មាំងសត្រូវពីមុខឯងចេញ ដូចជាព្រះយេហូវ៉ាបានសន្យាហើយ។
20កាលណាដល់ថ្ងៃក្រោយ កូនឯងសួរថា អស់ទាំងទីបន្ទាល់ នឹងច្បាប់ ហើយបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក តើមានន័យដូចម្តេច 21នោះត្រូវឲ្យឆ្លើយថា ពីដើមយើងរាល់គ្នាជាបាវបំរើរបស់ផារ៉ោននៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាទ្រង់បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា 22ហើយទ្រង់បានធ្វើទីសំគាល់ នឹងការអស្ចារ្យដ៏ជាធំ ហើយវេទនាផង ដល់ពួកស្រុកអេស៊ីព្ទ នឹងផារ៉ោន ព្រមទាំងវង្សារបស់ទ្រង់ផង នៅភ្នែកយើងរាល់គ្នា 23ក៏បាននាំយើងចេញពីស្រុកនោះ ដើម្បីនឹងនាំចូលមក ឲ្យបានប្រទានស្រុកនេះមកយើង ជាស្រុកដែលទ្រង់បានស្បថនឹងពួកឰយុកោយើង 24ហើយព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យយើងរាល់គ្នាប្រព្រឹត្តតាមអស់ទាំងច្បាប់ទាំងនេះ ហើយឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃយើង ដើម្បីឲ្យយើងរាល់គ្នាបានសប្បាយជាដរាប ហើយឲ្យទ្រង់បានថែរក្សាទុកជីវិតយើងរាល់គ្នា ដូចជាមានសព្វថ្ងៃនេះ 25ដូច្នេះបើយើងប្រយ័ត នឹងកាន់បញ្ញត្តទាំងនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង ដូចជាទ្រង់បានបង្គាប់មក នោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់យើងហើយ។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.