ចោទិយកថា 27
27
1នោះម៉ូសេ នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏បង្គាប់ដល់បណ្តាជនថា ចូរកាន់តាមគ្រប់ទាំងបញ្ញត្តដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ 2រួចនៅថ្ងៃដែលឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកឯង នោះត្រូវឲ្យរៀបថ្មឡើង ហើយបូកបាយអចុះ 3ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រិត្យវិន័យនេះ ចុះនៅនឹងថ្មនោះ ក្នុងកាលដែលឆ្លងទៅ ដើម្បីនឹងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ ដូចជាព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង បានមានបន្ទូលហើយ 4កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ ត្រូវឲ្យរៀបថ្មនោះឡើង នៅលើភ្នំអេបាល តាមដែលអញបង្គាប់នៅថ្ងៃនេះ រួចបូកបាយអផង 5នៅទីនោះក៏ត្រូវស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង គឺជាអាសនាធ្វើពីថ្ម មិនត្រូវឲ្យយកដែកពន្លាកទៅដាប់ឡើយ 6ត្រូវស្អាងអាសនាផងព្រះយេហូវ៉ាជាព្រះនៃឯង ដោយថ្មទាំងមូល ហើយថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាជាព្រះនៃឯង នៅលើអាសនានោះ 7ព្រមទាំងដង្វាយមេត្រីផង រួចត្រូវបរិភោគនៅកន្លែងនោះ ដោយអរសប្បាយ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង 8ត្រូវឲ្យឯងចារឹកអស់ទាំងពាក្យ ក្នុងក្រឹត្យវិន័យនេះ ចុះនៅនឹងថ្មទាំងនោះ ឲ្យច្បាស់ប្រចក្ស។
9រួចម៉ូសេ នឹងពួកលេវីដ៏ជាសង្ឃ ក៏ប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា ចូរនៅស្ងៀម ហើយស្តាប់ចុះ ឱពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះ ឯងបានត្រឡប់ជារាស្ត្ររបស់ព្រះយេហូវ៉ា ជាព្រះនៃឯងហើយ 10ដូច្នេះ ត្រូវឲ្យស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងចុះ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងច្បាប់ នឹងបញ្ញត្តទ្រង់ទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ។
11ហើយនៅថ្ងៃនោះឯង ម៉ូសេក៏ផ្តាំដល់បណ្តាជនទាំងឡាយថា 12កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ នោះត្រូវឲ្យពួកទាំងនេះឈរនៅលើភ្នំកេរិស៊ីម ដើម្បីនឹងឲ្យពរដល់បណ្តាជន គឺពួកស៊ីម្មាន១ ពួកលេវី១ ពួកយូដា១ ពួកអ៊ីសាខារ១ ពួកយ៉ូសែប១ នឹងពួកបេនយ៉ាមីន១ 13ឯពួកនេះត្រូវឲ្យគេឈរនៅលើភ្នំអេបាល ដើម្បីនឹងដាក់បណ្តាសាវិញ គឺពួករូបេន១ ពួកកាឌ់១ ពួកអេស៊ើរ១ ពួកសាប់យូល៉ូន១ ពួកដាន់១ នឹងពួកណែបថាលី១។ 14នោះត្រូវឲ្យពួកលេវីចាប់ផ្តើមបន្លឺឡើង ដោយពាក្យជាខ្លាំង ដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា___
15ត្រូវបណ្តាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា គឺជារបស់ដែលដៃជាងធ្វើ រួចយកទៅដាក់នៅទីសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
16ត្រូវបណ្តាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្តាយខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
17ត្រូវបណ្តាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
18ត្រូវបណ្តាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់វង្វេងចេញពីផ្លូវទៅ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
19ត្រូវបណ្តាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកដទៃ នឹងកូនកំព្រា ហើយនឹងស្រីមេម៉ាយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
20ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងប្រពន្ធរបស់ឪពុកខ្លួន ដ្បិតអ្នកនោះបានបើកសំលៀករបស់ឪពុកហើយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
21ត្រូវបណ្តាសាហើយ អ្នកណាដែលរួមសង្វាសនឹងសត្វណាមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
22ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងបង ឬប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
23ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងម្តាយក្មេករបស់ខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
24ត្រូវបណ្តាសាហើយ អ្នកណាដែលវាយអ្នកជិតខាងខ្លួនដោយសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
25ត្រូវបណ្តាសាហើយ អ្នកណាដែលស៊ីសំណូកដើម្បីនឹងសំឡាប់មនុស្សណាដែលឥតទោស នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
26ត្រូវបណ្តាសាហើយ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ព្រមទាំងប្រព្រឹត្តតាមផង នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 27: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.