ចោទិយកថា 2
2
1រួចយើងរាល់គ្នាបានវិលទៅធ្វើដំណើរ ក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ក៏ដើរព័ទ្ធភ្នំសៀរអស់ជាយូរថ្ងៃ។ 2ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា 3ឯងរាល់គ្នាបានដើរជុំវិញភ្នំនេះក៏ល្មមណាស់ហើយ ដូច្នេះចូរបែរទៅខាងជើងចុះ 4ហើយបង្គាប់ដល់ពួកបណ្តាជនថា ឯងរាល់គ្នានឹងត្រូវដើរកាត់ព្រំស្រុករបស់ពួកកូនចៅអេសាវ ជាបងប្អូននៃឯង ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចឯង ដូច្នេះចូរប្រុងប្រយ័តខ្លួនឲ្យមែនទែន 5កុំឲ្យតនឹងគេឡើយ ដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនមានដែរ ពីព្រោះអញបានឲ្យភ្នំសៀរទុកជាកេរ្តិ៍អាករដល់អេសាវហើយ 6ត្រូវឲ្យឯងទិញស្បៀងអាហារពីគេបរិភោគទៅ ក៏ត្រូវទិញទឹកពីគេផឹកដែរ 7ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯង ក្នុងគ្រប់ការដែលដៃឯងធ្វើ ទ្រង់ក៏ស្គាល់ផ្លូវដែលឯងបានដើរក្នុងទីរហោស្ថានសំបើមនេះផង ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ។
8ដូច្នេះយើងរាល់គ្នាក៏ដើរបង្ហួស ពីពួកកូនចៅអេសាវជាបងប្អូនយើង ដែលនៅស្រុកសៀរ ទៅតាមផ្លូវស្រុកវាលតាមអេឡាត នឹងអេស៊ាន-គេប៊ើរ រួចបែរទៅតាមផ្លូវទីរហោស្ថានម៉ូអាប់វិញ 9ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថា កុំឲ្យធ្វើទុក្ខសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ ពីព្រោះអញបានឲ្យស្រុកអើរដល់ពួកកូនចៅឡុតទុកជាកេរ្តិ៍អាករហើយ 10(ពីដើមសាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់ 11សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែពួកសាសន៍ម៉ូអាប់បានហៅគេជាសាសន៍អេមីមវិញ 12សាសន៍ហូរីក៏នៅស្រុកសៀរនោះកាលពីដើម តែពួកកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបាននៅកន្លែងគេ ដូចជាសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ) 13ឥឡូវនេះ ចូរឯងក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ នោះយើងរាល់គ្នាក៏ឆ្លងស្ទឹងសេរេតទៅ 14ឯវេលាដែលយើងរាល់គ្នាបានដើរពីកាដេស-បារនា ដរាបដល់បានឆ្លងស្ទឹងសេរេត នោះអស់ចំនួន៣៨ឆ្នាំ ទាល់តែដំណមនុស្សជំនាញក្នុងចំបាំងទាំងនោះ បានសាបសូន្យពីពួកយើងទៅ ដូចជាព្រះយេហូវ៉ាទ្រង់ស្បថនឹងគេ 15ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏បានទាស់នឹងគេដែរ ដើម្បីនឹងបំផ្លាញគេពីពួកយើងទៅ ទាល់តែរោយរៀវបាត់បង់អស់។
16កាលពួកអ្នកថ្នឹកច្បាំងបានរោយរៀវស្លាប់បាត់ផុតពីកណ្តាលពួកបណ្តាជនទៅ 17នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា 18នៅថ្ងៃនេះឯងនឹងដើររំលងព្រំស្រុកម៉ូអាប់តាមក្រុងអើរ 19ដូច្នេះកាលណាមកដល់ទល់មុខនឹងពួកកូនចៅអាំម៉ូន នោះកុំឲ្យធ្វើទុក្ខគេឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកនៃពួកកូនចៅអាំម៉ូនដល់ឯងទុកជាកេរ្តិ៍អាករទេ ដ្បិតអញបានឲ្យស្រុកនោះទុកជាកេរអាករដល់ពួកកូនចៅឡុតហើយ 20(ស្រុកនោះក៏រាប់ទុកជាស្រុករបស់ពួករេផែម ពួកគួរស្ញែងខ្លាចនោះបាននៅស្រុកនោះកាលពីដើម ឯសាសន៍អាំម៉ូនហៅគេថាជាសាសន៍សាំស៊ូមីមវិញ 21គេជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាទ្រង់បានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ហើយសាសន៍អាំម៉ូនបានបណ្តេញគេចេញ ព្រមទាំងយកកន្លែងរបស់គេអាស្រ័យនៅផង 22ដូចជាទ្រង់បានធ្វើឲ្យពួកកូនចៅអេសាវដែលនៅស្រុកសៀរ កាលទ្រង់បានបំផ្លាញសាសន៍ហូរីពីមុខគេចេញ ហើយគេក៏បណ្តេញសាសន៍នោះ ព្រមទាំងយកកន្លែងរបស់គេនៅ ដរាបដល់សព្វថ្ងៃនេះដែរ 23នឹងសាសន៍អាវីមទៀត ដែលនៅដោយភូមិៗរហូតដល់ក្រុងកាសា នោះក៏មានសាសន៍កាប់ថោរដែលចេញពីស្រុកកាប់ថោរមក បានបំផ្លាញគេទៅ ព្រមទាំងយកស្រុករបស់គេនៅផង) 24ចូរក្រោកឡើង ធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ មើល អញបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន នឹងស្រុកគេមកក្នុងកណ្តាប់ដៃឯងហើយ ចូរចាប់តាំងយកស្រុកនោះចុះ ហើយច្បាំងនឹងគេទៅ 25នៅថ្ងៃនេះឯង អញនឹងចាប់តាំងបណ្តាលឲ្យអស់ទាំងសាសន៍ ដែលនៅក្រោមមេឃទាំងប៉ុន្មាន មានសេចក្ដីភ័យញ័រ នឹងសេចក្ដីកោតខ្លាចដល់ឯង ដោយគេឮនិយាយពីឯង ហើយគេនឹងញាប់ញ័រ ព្រមទាំងមានសេចក្ដីថប់បារម្ភដោយព្រោះឯង។
26គ្រានោះ អញបានចាត់សារពីទីរហោស្ថានក្តេម៉ូតទៅឯស៊ីហុន ជាស្តេចក្រុងហែសបូន ដោយពាក្យមេត្រីថា 27សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងដើរតាមតែថ្នល់ធំប៉ុណ្ណោះ ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ 28ឯអាហារ នឹងទឹកសំរាប់ឲ្យយើងខ្ញុំទទួលទាន នោះត្រូវឲ្យទ្រង់លក់ឲ្យយើងខ្ញុំចុះ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុករបស់ទ្រង់ទៅ 29ដូចជាពួកកូនចៅអេសាវដែលនៅស្រុកសៀរ នឹងពួកសាសន៍ម៉ូអាប់នៅស្រុកអើរ បានបើកឲ្យខ្ញុំដែរ ទាល់តែខ្ញុំឆ្លងហួសទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានប្រទានមកយើងខ្ញុំ 30តែស៊ីហុនជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យយើងដើរកាត់ស្រុកទ្រង់ទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបណ្តាលឲ្យស្តេចមានព្រះទ័យ មានព្រះដំរិះរឹងទទឹង ដើម្បីនឹងប្រគល់មកក្នុងកណ្តាប់ដៃនៃឯង ដូចជាមានហើយសព្វថ្ងៃនេះ 31រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា មើល អញបានចាប់តាំងប្រគល់ស៊ីហុន នឹងស្រុកគេមកឯងហើយ ដូច្នេះ ចូរចាប់តាំងយកស្រុករបស់គេចុះ ដើម្បីឲ្យបានជាមរដក 32នោះស៊ីហុន នឹងបណ្តារាស្ត្រទាំងប៉ុន្មានក៏ចេញមកទាស់នឹងយើង រួចច្បាំងគ្នានៅត្រង់យ៉ាហាស់ 33តែព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រគល់ស្តេចមកយើង ហើយយើងរាល់គ្នាក៏វាយទ្រង់ នឹងពួកកូនចៅទ្រង់ ព្រមទាំងរាស្ត្រទាំងអស់គ្នាទៅ 34យើងក៏ចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ ទាំងរំលាងគ្រប់ទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី នឹងកូនក្មេងផងគ្មានទុកណាមួយឲ្យនៅសល់ឡើយ 35យើងបានយកតែហ្វូងសត្វ ទុកសំរាប់ខ្លួនយើង ជាមួយនឹងរបឹបពីអស់ទាំងក្រុងដែលយើងចាប់យកនោះ 36ហើយចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅមាត់ស្ទឹងអើណូន នឹងពីទីក្រុង១ដែលនៅច្រកភ្នំនោះ រហូតដល់ស្រុកកាឡាត គ្មានក្រុងណាមួយដែលយើងពុំអាចនឹងយកបាននោះទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រគល់ទាំងអស់មកយើង 37មានតែស្រុករបស់ពួកកូនចៅអាំម៉ូនប៉ុណ្ណោះ ដែលឯងរាល់គ្នាមិនបានចូលទៅជិតឡើយ គឺជាស្រុកនៅក្បែរស្ទឹងយ៉ាបុក នឹងទីក្រុងទាំងប៉ុន្មានដែលនៅស្រុកភ្នំនោះ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា បានហាមប្រាមនោះផង។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.