ចោទិយកថា 18
18
1ឯពួកលេវីដ៏ជាសង្ឃ គឺពូជអំបូរលេវីគ្រប់គ្នាមិនត្រូវឲ្យគេមានចំណែក ឬមរដកជាមួយនឹងពួកអ៊ីស្រាអែលឡើយ ត្រូវឲ្យគេរស់ដោយបរិភោគដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា គឺជាមរដករបស់ទ្រង់វិញ 2មិនត្រូវឲ្យគេមានមរដកនៅជាមួយនឹងបងប្អូនគេទេ ដ្បិតព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេហើយ ដូចជាទ្រង់បានមានបន្ទូលនឹងគេស្រាប់ 3នេះជាចំណែកដែលបណ្តាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជាត្រូវឲ្យដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាម នឹងពោះធំផង 4ព្រមទាំងផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ហើយរោមចៀមរបស់ឯង ដែលកាត់មុនដំបូងដែរ 5ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសគេ នឹងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។
6បើមានពួកលេវីណាម្នាក់ចេញពីទីក្រុងឯងណាមួយ ក្នុងបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់ ជាទីលំនៅរបស់គេ មកដោយបំណងចិត្តដ៏ពោរពេញដល់កន្លែងដែលព្រះយេហូវ៉ានឹងរើស 7នោះគេនឹងធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជាព្រះនៃគេបានដែរ ដូចជាពួកលេវី ជាបងប្អូនគេគ្រប់គ្នា ដែលឈរនៅទីនោះចំពោះព្រះយេហូវ៉ា 8គេនឹងមានចំណែកបរិភោគស្មើគ្នា ក្រៅពីដំឡៃកេរអាកររបស់ឪពុក ដែលគេបានលក់ហើយ។
9កាលណាឯងបានចូលទៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ នោះមិនត្រូវរៀនធ្វើតាមការគួរស្អប់ខ្ពើមរបស់សាសន៍ទាំងនោះឡើយ 10នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលធ្វើឲ្យកូនប្រុស ឬកូនស្រីខ្លួនឆ្លងកាត់ភ្លើង ឬគ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ 11គ្រូសន្ធាប់ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ 12ដ្បិតអ្នកណាដែលប្រព្រឹត្តការទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះសេចក្ដីគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ 13ត្រូវឲ្យឯងឥតមានសៅហ្មងចំពោះព្រះយេហូវ៉ាជាព្រះនៃឯងចុះ 14ដ្បិតឯសាសន៍ទាំងនោះ ដែលឯងនឹងទៅចាប់យកស្រុករបស់គេ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស នឹងគ្រូទាយទំនាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់មិនបើកឲ្យឯងប្រព្រឹត្តការយ៉ាងដូច្នោះទេ។
15ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ 16តាមគ្រប់ទាំងសេចក្ដីដែលឯងបានសូមដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប នៅថ្ងៃដែលប្រជុំនោះថា សូមកុំឲ្យខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងខ្ញុំត្រូវស្លាប់ 17នោះព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលមកអញថា សេចក្ដីដែលគេថា នោះបានថាត្រូវហើយ 18អញនឹងបណ្តាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនគេ សំរាប់គេ ឲ្យដូចឯង ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់ហោរានោះ អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំងសេចក្ដី ដែលអញនឹងបង្គាប់មក 19ដូច្នេះ បើអ្នកណាមិនស្តាប់តាមពាក្យអញ ដែលហោរានោះនឹងពោល ដោយនូវឈ្មោះអញ នោះអញនឹងធ្វើទោសដល់គេ។
20ប៉ុន្តែហោរាណាដែលនឹងនិយាយប្រាប់អ្វីតាមតែអំពើចិត្ត ដោយនូវឈ្មោះអញ ជាសេចក្ដីដែលអញមិនបានបង្គាប់ឲ្យសោះ ឬដែលនឹងនិយាយដោយនូវឈ្មោះព្រះដទៃ ហោរានោះនឹងត្រូវស្លាប់ 21បើឯងគិតក្នុងចិត្តថា ធ្វើដូចម្តេចឲ្យយើងដឹងជាពាក្យណា ដែលព្រះយេហូវ៉ាមិនបានមានបន្ទូល 22គឺកាលណាហោរាណានឹងទាយដោយនូវព្រះនាមព្រះយេហូវ៉ា នោះបើការនោះមិនឃើញមានមក ក៏មិនកើតមកទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានបន្ទូល ហោរានោះបានពោលតាមតែអំពើចិត្តរបស់ខ្លួនទេ មិនត្រូវឲ្យឯងខ្លាចគេឡើយ។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 18: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.