ដានីយ៉ែល 2
2
1នៅក្នុងឆ្នាំទី២ នៃរាជ្យនេប៊ូក្នេសា នោះទ្រង់បានសុបិននិមិត្ត ហើយមានវិញ្ញាណវិងស៊ុង បានជាទ្រង់ផ្ទំមិនលក់ឡើយ 2រួចស្តេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ នឹងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសប្តិនោះថ្វាយទ្រង់ គេក៏ចូលមកឈរនៅចំពោះស្តេច 3រួចស្តេចទ្រង់មានបន្ទូលនឹងគេថា អញបានយល់សប្តិ ហើយមានវិញ្ញាណវិងស៊ុង ដោយចង់ដឹងន័យក្នុងសប្តិនោះ 4ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប 5តែស្តេច ទ្រង់មានបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក 6តែបើអ្នករាល់គ្នាប្រាប់សប្តិនោះ ព្រមទាំងកាត់ស្រាយផង នោះអ្នករាល់គ្នានឹងបានអំណោយទាន នឹងរង្វាន់ ហើយកិត្តិយសពីយើងវិញ ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ 7គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបំរើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប 8ស្តេចទ្រង់តបឡើងថា យើងបានដឹងពិតប្រាកដថា អ្នករាល់គ្នានឹងចង់បានពេលវេលា ដោយឃើញថា យើងបានភ្លេចសេចក្ដីទៅហើយ 9បើសិនជាអ្នករាល់គ្នាមិនប្រាប់សប្តិនោះដល់យើងទេ នោះមានទោសតែ១ប៉ុណ្ណោះសំរាប់អ្នកទាំងអស់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសំរាប់ឆ្លើយមកយើង ចាំទំរាំតែគ្រានេះបានផ្លាស់ប្រែទៅ ដូច្នេះ ចូរប្រាប់សប្តិនោះដល់យើង នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចនឹងកាត់ស្រាយបានមែន 10តែពួកខាល់ដេ គេទូលឆ្លើយនៅចំពោះស្តេចថា គ្មានមនុស្សណាមួយនៅលើផែនដីនេះ ដែលអាចនឹងបង្ហាញដំណើរនៃព្រះករុណាបានទេ ក៏មិនដែលមានស្តេចណា ទោះបើធំ ហើយមានអំណាចយ៉ាងណាក៏ដោយ ដែលបានបង្គាប់ការយ៉ាងនេះដល់ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាៗឡើយ 11ការដែលព្រះករុណាទ្រង់បង្គាប់នេះ ជាការកម្រមានណាស់ គ្មានអ្នកណាអាចនឹងបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ មានតែពួកព្រះដែលមិនស្ថិតនៅក្នុងសាច់ឈាមវិញប៉ុណ្ណោះ 12ហេតុដូច្នេះ ស្តេចទ្រង់ក៏ខ្ញាល់ ហើយមានសេចក្ដីក្រេវក្រោធយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ដែលនៅក្រុងបាប៊ីឡូនទៅ 13យ៉ាងនោះ មានព្រះរាជឱង្ការចេញទៅ បង្គាប់ឲ្យសំឡាប់ពួកអ្នកប្រាជ្ញបង់ ហើយគេក៏រកដានីយ៉ែល នឹងពួកគូកនលោក ដើម្បីយកទៅសំឡាប់ដែរ។
14គ្រានោះ ដានីយ៉ែលឆ្លើយដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គ ដែលបានចេញទៅ ដើម្បីសំឡាប់ពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូន 15លោកសួរដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គថា ហេតុអ្វីបានជាព្រះរាជឱង្ការនៃស្តេចប្រថំអីម៉្លេះ នោះអើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល 16រួចដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច នោះនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប។
17នោះដានីយ៉ែលក៏វិលទៅឯផ្ទះ ប្រាប់រឿងនោះដល់ហាណានា មីសាអែល នឹងអ័សារា ជាគូកនរបស់លោក 18ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យទ្រង់បានប្រោសមេត្តាដល់គេ ពីដំណើរសេចក្ដីអាថ៌កំបាំងនោះ ប្រយោជន៍ឲ្យដានីយ៉ែល នឹងគូកនលោកមិនត្រូវវិនាសជាមួយនឹងពួកអ្នកប្រាជ្ញឯទៀត ដែលនៅក្រុងបាប៊ីឡូនឡើយ 19ដូច្នេះ សេចក្ដីអាថ៌កំបាំងនោះ បានសំដែងមក ឲ្យដានីយ៉ែលឃើញ ក្នុងការជាក់ស្តែងនៅវេលាយប់ នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌ 20ហើយទូលថា សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា នឹងតេជានុភាពជារបស់ផងទ្រង់ 21គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់ 22ទ្រង់ក៏សំដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ទ្រង់ជ្រាបសេចក្ដីដែលនៅទីងងឹត ហើយមានពន្លឺនៅជាមួយនឹងទ្រង់ 23ឱព្រះនៃពួកឰយុកោទូលបង្គំអើយ ទូលបង្គំអរព្រះគុណ ហើយក៏សរសើរដល់ទ្រង់ ពីព្រោះទ្រង់បានប្រោសឲ្យទូលបង្គំមានប្រាជ្ញា នឹងអំណាច ហើយឥឡូវនេះ ទ្រង់បានសំដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានសូមពីទ្រង់ ដ្បិតទ្រង់បានសំដែង ឲ្យយើងខ្ញុំស្គាល់រឿងរ៉ាវរបស់ស្តេច 24ដូច្នេះ ដានីយ៉ែលក៏ចូលទៅឯអើយ៉ុក ជាអ្នកដែលស្តេចបានបង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនបង់ នោះគឺបានទៅនិយាយដូច្នេះថា សូមកុំបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ដល់ស្តេចចុះ នោះខ្ញុំនឹងកាត់ស្រាយសេចក្ដីថ្វាយទ្រង់ជ្រាបវិញ។
25ដូច្នេះ អើយ៉ុកក៏នាំដានីយ៉ែលចូលទៅចំពោះស្តេចដោយប្រញាប់ប្រញាល់ ហើយទូលថា ទូលបង្គំរកបានមនុស្សម្នាក់ ក្នុងកូនចៅនៃពួកឈ្លើយ ជាសាសន៍យូដាដែលនឹកកាត់ស្រាយសេចក្ដី ថ្វាយព្រះករុណា ឲ្យទ្រង់ជ្រាបបាន 26ស្តេចទ្រង់មានបន្ទូលសួរដានីយ៉ែល ដែលលោកមានឈ្មោះជា បេលថិស្សាសារ ថា តើអ្នកអាចនឹងប្រាប់សប្តិ ដែលយើងបានឃើញនោះ ហើយកាត់ស្រាយឲ្យយើងផងបានឬ 27នោះដានីយ៉ែលក៏ទូលនៅចំពោះស្តេចថា សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ 28តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន ហើយទ្រង់បានសំដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ សុបិនរបស់ទ្រង់ នឹងការជាក់ស្តែងដែលទ្រង់បានឃើញកំពុងផ្ទំលក់ គឺយ៉ាងនេះ 29ឯត្រង់ទ្រង់ ឱព្រះករុណាអើយ ទ្រង់កើតមានគំនិត កាលទ្រង់កំពុងផ្ទំនៅលើព្រះក្រឡាបន្ទំ ពីការដែលត្រូវកើតមកនៅខាងមុខ ហើយព្រះដែលទ្រង់សំដែងឲ្យបានយល់ការអាថ៌កំបាំង ទ្រង់បានធ្វើឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកដល់ 30តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសំដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសំដែងមក ឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។
31បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំរូបនោះដែលធំសំបើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច 32ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូងនឹងដៃជាប្រាក់ ពោះ នឹងភ្លៅជាលង្ហិន 33ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ 34ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែកនឹងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ 35រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។
36សេចក្ដីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប 37បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ នឹងសិរីល្អទាំងនេះ 38ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី នឹងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង គឺទ្រង់ដែលជាក្បាលមាសនោះ 39តពីទ្រង់ទៅ នោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់ រួចនឹងមាននគរ១ទៀត ជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល 40ឯនគរទី៤នឹងមានកំឡាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង 41ហើយដែលទ្រង់បានឃើញប្រអប់ជើង នឹងម្រាមជើងនោះមាន១ចំណែកជាដីរបស់ជាងស្មូន ហើយ១ចំណែកទៀតជាដែកវិញ នោះគឺថា នគរនោះនឹងញែកបែកគ្នា តែក្នុងនគរនោះ នឹងមានកំឡាំងដូចជាដែក ដ្បិតទ្រង់បានឃើញដែកលាយនឹងដីស្អិតនោះ 42ហើយដែលម្រាមជើងជាដែក នឹងជាដីឥដ្ឋ លាយគ្នាជាយ៉ាងណា នគរនោះនឹងមានកំឡាំង១ចំណែក ហើយស្រួយ១ចំណែកយ៉ាងនោះដែរ 43ហើយដែលទ្រង់បានឃើញដែកលាយនឹងដីស្អិតជាយ៉ាងណា នោះគឺគេនឹងលាយខ្លួននឹងអស់ទាំងពូជមនុស្សផងយ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជិតគ្នានឹងគ្នាទេ ដូចជាដែកដែលមិនលាយជាប់នឹងដីដែរ 44រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច 45គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។
46ដូច្នេះ ស្តេចនេប៊ូក្នេសា ទ្រង់ក្រាបផ្កាប់ព្រះភក្ត្រថ្វាយបង្គំដល់ដានីយ៉ែល ក៏បង្គាប់ឲ្យគេយកគ្រឿងបូជា នឹងគ្រឿងក្រអូបមកគោរពដល់លោក 47ស្តេចទ្រង់មានបន្ទូលនឹងដានីយ៉ែលថា ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសំដែង ឲ្យយល់សេចក្ដីអាថ៌កំបាំងនេះបាន 48នោះស្តេចទ្រង់ក៏តាំងដានីយ៉ែលឡើងជាធំ ទ្រង់ប្រទានអំណោយទានយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតី លើពួកអ្នកប្រាជ្ញទាំងប៉ុន្មាន នៅក្រុងបាប៊ីឡូនផង 49ឯដានីយ៉ែល លោកសូមដល់ស្តេច ហើយទ្រង់ក៏តាំងសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូនតែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.