អេម៉ុស 3

3
1ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ទាស់​នឹង​គ្រួ​ទាំង​មូល ដែល​អញ​បាន​នាំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ថា 2ក្នុង​អស់​ទាំង​គ្រួ​នៅ​ផែនដី អញ​បាន​ស្គាល់​តែ​ឯង​រាល់​គ្នា​ទេ ដូច្នេះ អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ឯង 3បើ​មនុស្ស​២​នាក់​មិន​ព្រម​ចិត្ត​គ្នា នោះ​តើ​នឹង​ដើរ​ជា​១​គ្នា​បាន​ឬ 4ឯ​សិង្ហ នឹង​ស្រែក​គ្រហឹម​នៅ​ក្នុង​ព្រៃ ក្នុង​កាល​ដែល​មិន​ទាន់​ចាប់​រំពា​ឬ បើ​សិង្ហ​ស្ទាវ​មិន​បាន​ចាប់​អ្វី​សោះ តើ​នឹង​ស្រែក​នៅ​ក្នុង​រូង​វា​ដែរ​ឬ 5នៅ​កន្លែង​ដែល​ឥត​មាន​ដាក់​ខ្សែ‌រូត នោះ​សត្វ​ហើរ​អាច​នឹង​ធ្លាក់​ទៅ​ជាប់​ក្នុង​អន្ទាក់​បាន​ឬ តើ​អន្ទាក់​នឹង​វាត់​ឡើង​ពី​ដី ឥត​មាន​ជាប់​អ្វី​ឬ​ទេ 6តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តាជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ 7ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង ឲ្យ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់‌កំបាំង​របស់​ទ្រង់​ផង 8រីឯ​សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ។
9ចូរ​ប្រកាស​ប្រាប់​នៅ​ក្នុង​ដំណាក់ នៅ​ក្រុង​អាសដូឌ​ហើយ​ក្នុង​ដំណាក់​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា ចូរ​មូល​គ្នា​មក​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​សាម៉ារី ពិចារណា​មើល​ការ​កោលា‌ហល​យ៉ាង​ធំ នឹង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្តាល​ស្រុក​នោះ​ចុះ 10ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម‌ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុក​នូវ​សេចក្ដី​ច្រឡោត នឹង​ការ​រឹប​ជាន់​នៅ​ក្នុង​អស់​ទាំង​ដំណាក់​របស់​គេ 11ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដូច្នេះ​ថា នឹង​មាន​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ស្រុក វា​នឹង​នាំ​ឲ្យ​កំឡាំង​ឯង​អន់​ថយ​ចុះ នោះ​អស់​ទាំង​ដំណាក់​របស់​ឯង​នឹង​ត្រូវ​រឹប​ជាន់​វិញ 12ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អ្នក​គង្វាល​ដោះ​ជើង​២ នឹង​ត្រចៀក​១​កំណាត់ ចេញ​ពី​មាត់​សិង្ហ​យ៉ាង​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​អង្គុយ​នៅ​ទី​កៀន​ដំណេក ហើយ​លើ​ខ្នើយ​កំណល់​ធ្វើ​ពី​សូត្រ នៅ​ក្នុង​ក្រុង​សាម៉ារី នឹង​បាន​ដោះ​ឲ្យ​រួច​យ៉ាង​នោះ​ដែរ។
13ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ស្តាប់​ចុះ ហើយ​ធ្វើ​បន្ទាល់​ទាស់​នឹង​ពួក​វង្ស​យ៉ាកុប 14ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​ទំលាក់​អំពើ​រំលង​របស់​អ៊ីស្រាអែល​ទៅ​លើ​គេ​វិញ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​អាសនា​នៃ​បេត-អែល​ទាំង​ប៉ុន្មាន​ដែរ ស្នែង​អាសនា​ទាំង​នោះ​នឹង​ត្រូវ​កាត់​ចេញ​ឲ្យ​ធ្លាក់​ដល់​ដី 15អញ​នឹង​វាយ​បំផ្លាញ​អស់​ទាំង​ផ្ទះ​សំរាប់​រដូវ​រងា នឹង​ផ្ទះ​សំរាប់​រដូវ​ក្តៅ​ផង ឯ​ដំណាក់​ភ្លុក​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ធំៗ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​សូន្យ​បាត់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

អេម៉ុស 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល