លុះក្រោយមក៤០ឆ្នាំ នោះទេវតានៃព្រះអម្ចាស់លេចមក ឲ្យលោកម៉ូសេឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាត្រង់ទីរហោស្ថានភ្នំស៊ីណាយ កាលលោកឃើញ នោះក៏ឆ្ងល់នឹងការជាក់ស្តែងនោះ រួចលោកចូលទៅជិត ដើម្បីនឹងពិនិត្យមើល ស្រាប់តែឮសំឡេងព្រះអម្ចាស់មានបន្ទូលមកថា «អញជាព្រះនៃពួកឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានមើលឡើយ រួចព្រះអម្ចាស់ទ្រង់មានបន្ទូលទៅលោកថា «ចូរដោះស្បែកជើងឯងចេញ ដ្បិតកន្លែងដែលឯងឈរនោះជាដីបរិសុទ្ធ អញបានឃើញសេចក្ដីទុក្ខលំបាក ដែលគេធ្វើដល់រាស្ត្រអញនៅស្រុកអេស៊ីព្ទហើយ ក៏ឮសូរដំងូររបស់គេដែរ ហេតុនោះបានជាអញចុះមក ដើម្បីប្រោសឲ្យគេរួច ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅឯស្រុកអេស៊ីព្ទ» ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម»ដូច្នេះ គឺលោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ» គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្បិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ» នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ នោះព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្តិដល់ពួកបរិវារដែលនៅលើមេឃវិញ ដូចជាមានសេចក្ដីចែងទុកមក ក្នុងគម្ពីរពួកហោរាថា «ឱពួកវង្សអ៊ីស្រាអែលអើយ ដែលឯងរាល់គ្នាបានសំឡាប់សត្វថ្វាយជាយញ្ញបូជា នៅទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនោះ ព្រមទាំងរើសយកបារាំរបស់ព្រះម៉ូឡុក នឹងផ្កាយរបស់ព្រះរេមផាន់ ជារូបដែលឯងបានធ្វើ សំរាប់នឹងថ្វាយបង្គំផង នោះតើបានថ្វាយដល់អញឬ ដូច្នេះ អញនឹងនិរទេសឯងរាល់គ្នា ឲ្យទៅនៅខាងនាយស្រុកបាប៊ីឡូនវិញ»។
អាន កិច្ចការ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 7:30-43
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ